ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ដើរ​ជាន់​ខ្សែ​លួស​ឆក់​កណ្ដុរ​​ស្លាប់​ ,ម្ចាស់​ខ្សែ​លួស​ឆក់​ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

72

កណ្ដាលៈ​ បន្ទាប់ពី​ចុះ​ធ្វើការ​ពិនិត្យលើសាកសព​បុរស​ម្នាក់ នគរបាល​ស្រុក​កោះធំ​ បានសន្និដ្ឋានថា​ ពិតជាស្លាប់​ដោយសារ​ដើរ​ជាន់​ខ្សែ​លួស​ឆក់​កណ្ដុរ​របស់​ម្ចាស់​ដីស្រែ​ដែល​មាន​ព្រុំ​ជាប់​គ្នា​ ។ សមត្ថកិច្ច​កសាង​សំណុំរឿង​ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ ជា​ម្ចាស់​ដី​ដែល​ឆក់​កណ្ដុរ​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ហេតុការណ៍នេះ កើតឡើងកាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​ រំលង​អ​ធ្រា​ត្រ ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ដីស្រែ​ប្រាំង​របស់​ឈ្មោះ​ មឿ​ន​ មូល​ ស្ថិត​ក្នុង​ភូមិធំ​ ឃុំ​ឈើខ្មៅ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ផ្នែក​កោ​ល​វិ​ច័យ​ស្រុក​កោះធំ ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​ វ៉ិ​ត​ ថា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រីឯ​ជនសង្ស័យ​ឈ្មោះ​ មឿ​ន​ មូល​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ។​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិធំ​ ឃុំ​ឈើខ្មៅ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​ ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន​៖​ អា​គុយ​ចំនួន​១​គ្រឿង​ ៧០​អំពែរ​ ,​អាំង​វិច​ទ័​រ​ ចំនួន​១​គ្រឿង​ ។​
​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​ ជា​អ្នក​ឆក់​កណ្ដុរ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រាយ​ខ្សែ​លួស​ឆក់​កណ្ដុរ​ក្នុង​ដីស្រែ​របស់​ខ្លួន​អស់​រយៈពេល​២​យប់​មក​ហើយ។​ នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​១៨​ ខ្លួន​បាន​ទៅ​ឆក់​កណ្តុរ​នៅ​ដីស្រែ​របស់​ខ្លួន​ម្ដងទៀត​ ក្រោយ​ពី​រៀបចំ​ឧបករណ៍​ឆក់​កណ្តុរ​រួច​ ខ្លួន​ត្រឡប់​មក​សម្រាក​នៅផ្ទះ​វិញ​ ។​ លុះ​នៅ​វេលា​ម៉ោ​២៤​និង​៣០​នាទី​ ឆ្លង​ចូល​ថ្ងៃ​១៥​ ខែ​ឆ្នាំ​កើតហេតុ​ ខ្លួន​បាន​ក្រោកពីដំណេក ​ទៅ​មើល​ឧបករណ៍​ឆក់​កណ្តុរ​ នៅ​ចំណុច​ដីស្រែ​របស់​ខ្លួន​ខាងលើ​ ខណៈ​ទៅ​ដល់​ ខ្លួន​បាន​បិត​ឧបករណ៍​ឆក់​ រួច​ដើរ​មើល​តាម​ភ្លឺស្រែ​ ដែល​មាន​ព្រុំប្រទល់​ជាប់​នឹង​ដីស្រែ​របស់​ឈ្មោះ​ វ៉ិ​ត​ ថា​ ភ្លាម​នោះ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ វ៉ិ​ត​ ថា​ ដួល​ផ្កាប់មុខ​នៅ​លើ​ភ្លឺស្រែ​ ជាប់​នឹង​ខ្សែលួស​ឆក់​កណ្តុរ​របស់​ខ្លួន​ ដោយ​ពុំ​ដឹង​បានដឹង​ថា​ ជន​រង​គ្រោះ​ឆក់​ស្លាប់​តាំងពី​ពេល​ណា​មក​ទេ​ ដោយ​មានការ​ភ័យ​ស្លន់ស្លោ​ពេក​ ខ្លួន​ឃើញ​ដូចនេះ​ក៏បាន​យក​សាកសព​ជន​រង​គ្រោះ​ពី​កន្លែង​កើតហេតុ​ ដែល​ជា​ដី​របស់​ខ្លួន​ យក​មក​ដាក់​នៅ​លើ​ដីស្រែ​របស់​ជន​រង​គ្រោះ​វិញ​ រួចខ្លួន​បាន​ទៅ​សា​ខ្សែលួស​ដែល​រាយ​ឆក់​នោះ​យក​ទៅ​បោះចោល ​ក្នុង​ទឹកអូរ​ខាងកើត​ដីស្រែ​របស់​ខ្លួន​ បន្ទាប់​មក​ក៏​យក​អា​គុយ​ និង​អាំង​វិច​ទ័​រ យ​កមក​ផ្ទះ​ហើយ​សំរាក​ទល់​ភ្លឺ​ ។​
​ប្រភព​ដដែល​បន្ដ​ទៀត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​មនុស្ស​ស្លាប់​ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ពិនិត្យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់ ​ដោយសារ​ការ​ធ្វេសប្រហែស ​ប៉ះ​នឹង​ឧបករណ៍​ឆក់​កណ្តុរ​ របស់​អ្នក​ដទៃ​ ។​
​ក្រោយ​ពី​ ពិនិត្យ​ចប់​សព្វគ្រប់​ សមត្ថកិច្ច​កសាង​សំណុំរឿង​ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ ជា​ម្ចាស់​ដី​ដែល​ឆក់​កណ្ដុរ​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង