បងថ្លៃជាននជាតិដើមភាគតិចទំពួន លួងលោមចាប់រំលោភប្អូនថ្លៃ៦ដង
រតនគិរី ៖ នគរបាលព្រហ្មទណ្ឌស្រុកបរកែវ បានឃាត់ខ្លួនបុរសម្នាក់ជាជនជាតិដើមភាគតិចទំពួន ជាបងថ្លៃដែលលួងលោមរំលោភប្អូនថ្លៃស្រី អាយុ១៣ឆ្នាំ បានសម្រេច៦លើក។ ការឃាត់ខ្លួននេះយោងតាមពាក្យប្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនកូនប្រសា នៅម៉ោង១៤រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឡាមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទីង ទឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិដើមភាគតិចទំពួន មានប្រពន្ធ និងកូនម្នាក់ ត្រូវជាបងថ្លៃក្មេងស្រីរងគ្រោះ មុខរបរធើ្វចម្ការ មានទីលំនៅសព្វថ្ងៃភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ជនសង្ស័យត្រូវចាប់ឃាត់ខ្លួន នៅផ្ទះជនសង្ស័យតែម្តង នៅក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ។ ដោយឡែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ជនជាតិទំពួន (ត្រូវជាប្អូនថ្លៃ) មុខរបរសិស្ស មានទីលំនៅស្រុកបរកែវ។
សមត្ថកិច្ចប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក។ ក្រោយពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចបានតាមរកជនសង្ស័យទៅដល់លំនៅដ្ឋាន ដោយប្រពន្ធជនសង្ស័យប្រាប់សមត្ថកិច្ចថា ប្តីនាងមិនបាននៅផ្ទះទេ ជាប់រវល់ទៅរកស៊ីអារឈើ ក្នុងព្រៃបាត់ហើយ រួចសមត្ថកិច្ចបានឲ្យប្រពន្ធជនសង្ស័យ តេទូរស័ព្ទហៅប្តីត្រឡប់មកផ្ទះវិញ ដោយកុហក់ថា កូនឈឺ ពេលជនសង្ស័យ មកដល់ផ្ទះ សមត្ថកិច្ចចាប់ខ្លួនតែម្តង។ ក្រោយពីចាប់ខ្លួន បានជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានលួងលោមប្អូនថ្លៃស្រី រំលោភបានសម្រេច៦លើក ពិតប្រាកដមែន ក្នុងពេលលួងលោមរំលោភម្តង បានធ្វើឡើងដូចជា នាំប្អូនថ្លៃស្រីទៅរកត្រីនៅអូរ និងទៅចម្ការតែពីរនាក់ដោយរំលោភញឹកញាប់ពេក នាងទ្រាំមិនបាន ក៏រៀបរាប់ប្រាប់ម្តាយពីដំណើររឿង ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងតែឃុំខ្លួន នៅអធិការស្រុកបរកែវ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕