ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

312

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមផេកហ្វេសប៊ុក សម្តេចតេជោ បានបញ្ជាក់ថា “នៅព្រឹក ១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព”។

“ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន” គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី ៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល។ ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺយើងត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរអោយទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ នៅឆ្នាំ ២០១៩ គឺប្រទេសថៃជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤៕

អត្ថបទដែលជាប់ទាក់ទង