ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមខ្មែរកម្ពុជាក្រោម រំលឹកខួបទី៤២ឆ្នាំ នៃការតស៊ូរបស់យុទ្ធជន យុទ្ធនារីខ្មែរកម្ពុជាក្រោម

74


ភ្នំពេញ៖ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធធ្វើកម្មវិធីរំលឹកខួបទី៤២ឆ្នាំ នៃការតស៊ូរបស់យុទ្ធជន យុទ្ធនារីខ្មែរកម្ពុជាក្រោម ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦-១៦ វិច្ឆិកា ឆ្នាំ២០១៨។ កម្មវិធីនេះ ធ្វើនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
ស្ថិតនៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​យោងតាម​កម្មវិធី កិច្ចពិភាក្សា ស្តីពី ការ​រំលឹក​ខួប​ទី​៤២ ឆ្នាំ ទិវា​តស៊ូ​របស់​យុទ្ធជន​-​យុទ្ធ​នារី​ខ្មែរ​កម្ពុជា​ក្រោម នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ចាប់ផ្តើម ដោយមាន​ថ្លែងការណ៍​របស់​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មុននឹង​ពិធី​សូត្រធម៌ ដារ​បង្សុកូល ឧទ្ទិសកុសល​ប្រគេន និង​ជូន​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈ វីរបុរស និង​វីរនារី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ពលី​កាយ ថ្វាយ​ជីវិត​ចំពោះ​ជាតិ មាតុភូមិ នា​ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦​។​

លោកថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានថ្លែងថា ព្រឹត្តិការណ៍នេះបានកន្លងផុតទៅជាង៤០ឆ្នាំ ដោយមានមតិខ្លះលើកឡើងថា ដោយចាញ់ឧបាយកល់របស់វៀតណាម ដែលរៀបចំផែនការដើម្បីដាក់អន្ទាក់ និងមតិមួយផ្សេងទៀត បានអះអាងថា គឺជាការឈឺចាប់របស់ខ្មែរក្រោម ដែលទាមទារនូវសិទ្ធិសេរីភាព ។ ​លោក បានបន្ថែមថា ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ជាប្រវត្តិសាស្រ្តមួយដ៏ជូរចត់ និងឈឺចាប់បំផុត របស់ប្រជាជាតិខ្មែរកម្ពុជាក្រោម និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបន្ត
នៃអាជ្ញាយុកាលនៃទឹកដីកម្ពុជាក្រោម ព្រោះការដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ទៅឲ្យអាណានិគមវៀតណាម ដោយខុសច្បាប់ យើងមិនបានបោះបង់ចោល នៃការតស៊ូ និងបោះបង់ទឹកកម្ពុជាចោលនោះទេ គឺយើងនៅបន្តការតស៊ូជារៀងដរាប ដូចដែលនៅក្នុងឆ្នាំ១៩៧៦។ ដូច្នេះប្រជាពលរដ្ឋខ្មែរ នៅទូទាំងកម្ពុជាក្រោម មានការឈឺចាប់ ដោយសារការធ្វើបាប ធ្វើទុកបុកម្នេញពីអាជ្ញាធរវៀតណាម ក៏នាំគ្នាងើបឡើងដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការរៀនសូត្រ អក្សរសាស្រ្តរបស់ខ្លួន ដូចជា ប្រពៃណីទំនៀមទម្លាប់ជាដើម។ ប៉ុន្តែការបង្រ្កាបពីអាជ្ញាធរវៀតណាម បានចាប់ពលរដ្ឋខ្មែរ យកទៅធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងឃោរឃៅបំផុត ។ លោកបានបន្ថែមថា “មានអ្នកខ្លះបានមានការបារម្ភថា ទឹកដីកម្ពុជាក្រោមឲ្យតែបាត់បង់ ក្នុងអំឡុង១០០ឆ្នាំ មិនអាចទាមទារមកវិញបានទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ពីអាជ្ញាយុកាល ទឹកដី ប្រទេសជាតិ មិនខុសពីច្បាប់ភូមិបាលនោះទេ
ដរាបណាយើងបោះបង់ចោល យើងមិនទាមទារ ទើបវាផុតអាជ្ញាយុកាល ប៉ុន្តែបើយើងទាមទារមានពាក្យប្តឹងរហូតនោះ អាជ្ញាយុកាលមិនផុតទេ ហើយបើយើងមិនទាមទារបោះបង់ចោលចាប់តាំងឆ្នាំ១៩៤៩មក អាហ្នឹងវាស្ងាត់ហើយ ប៉ុន្តែចាប់ពីតាំងពេលនោះមក មានការលើកឡើង ពីការទាមទារទឹកដីខ្មែរកម្ពុជាក្រោមអត់ឈប់ទេ រហូតដល់ឆ្នាំ១៩៦៨ និង៦៩
មានការបង្កើតចលនារណសិរ្ស ដើម្បីតវ៉ាទាមទាររំដោះទឹកខ្មែរកម្ពុជាក្រោមមកវិញ និងជាក់ស្តែងឆ្នាំ១៩៧៦ ប្រជាជនខ្មែរកម្ពុជាក្រោម ងើបឡើងទាមទារ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន ដោយបង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ជាខ្មែរ នៅលើទឹកដីខ្មែរកម្ពុជាក្រោម”។

​សូម​រម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ជា​ថ្ងៃ​ដែល​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្រោក​ឡើង​តស៊ូ ទាមទារ​រដ្ឋាភិបាល​វៀ​ត​​ណា​ម បញ្ឈប់​ការរំលោភបំពាន​ខ្មែរក្រោម និង​ទាមទារ បំបែក​ខ្លួន​ចេញពី​រដ្ឋាភិបាល​វៀតណាម ដោយ​មិន​ព្រមឲ្យទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ស្ថិតនៅក្រោម​ការគ្រប់គ្រង ដោយ​អាណានិគម​វៀតណាម​ឡើយ​។​ ប៉ុន្តែ​ការតស៊ូ​នោះ ត្រូវ​បរាជ័យ ហើយ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​នាក់ ត្រូវបាន​វៀតណាម ធ្វើទុក្ខ​ទារុណកម្ម ដូចជា យក​ស្នូក​កំ​ភ្លើងសំពង​ក្បាល ចាប់​ច្រមុជ​ទឹក ច្រក​ទឹកត្រី ចង់ស្លាបសេក វាយ​នឹង​ដំបង ទាត់​ធាក់​យ៉ាងដំណំ ជាពិសេស​ព្រះសង្ឃ​ខ្មែរក្រោម ដែលចូលរួម​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ត្រូវបាន​វៀតណាម ធ្វើបាប យ៉ាង​អមនុស្សធម៌ ដូចជា យក​ខោ​លី​អូ​ដាក់​លើ​ព្រះ​កេះ បាញ់នោម​ដាក់​មាត់ ជេរ​ម្តាយ ហៅ​ព្រះសង្ឃ អាមឹង ចាប់បង្ខំ​ព្រះសង្ឃ​ផ្សឹក​ទាំង​បង្ខំ និង​ចាប់​ព្រះសង្ឃ​ឆាន់​សាច់​ឆ្កែ ជាដើម ។​ល​។
ព្រឹត្តិការណ៍​កាលណោះ មាន​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ ត្រូវ​វៀតណាម ចាប់​ដាក់ពន្ធនាគារ និង​រងរបួស ជាពិសេស​មាន​អ្នកខ្លះ ត្រូវ​សម្លាប់ និង​បាត់​បង់ខ្លួន​។​

​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​បារាំង កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​រស់នៅ​ប្រហែល​ជាង ១៤​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​ទំហំ ៩៨.៩៦៥ គឺ​ឡូ​ម៉ែត្រក្រឡា មាន ២១ ខេត្ត រួមមាន​៖ ១-​ព្រះ​ត្រពាំង (​ត្រា​វិញ​-​វិញ​ប៊ិ​ញ​) ២-​ឃ្លាំង (​សុក​ត្រាំ​ង​-​បា​កលៀវ​) ៣-​មាត់ជ្រូក (​អាន​យ៉ាង​-​ចូ​វ​ដុក​-​ឡុង​ស្វៀ​ង​) ៤-​ក្រមួនស (​ជឿ​ង​ធៀន​- រ៉ា​ច​យ៉ា​-​កឹង​ថឺ​-​បា​ស្វៀ​ង​-​អាង​ស្វៀ​ង​) ៥-​ពល​លាវ (​បា​ស្វៀ​ង​-​អាង​ស្វៀ​ង​) ៦-​ទឹកខ្មៅ (​អាង​ស្វៀ​ង​-​កា​ម៉ៅ​-​បា​កលៀវ​) ៧-​ពាម (​កៀង​យ៉ាង​-​ហា​តៀង​-​រ៉ា​ច​យ៉ា​) ៨-​ព្រែក​ឫស្សី (​ផុង​យិ​ញ​) ៩-​លង់​ហោរ (​វិញ​ឡុង​-​ត្រា​វិញ​-​សា​ដែក​) ១០-​បា​រ៉ា​ជ្ញ (​ឡុង​ស្វៀ​ង​) ១១-​រោងដំរី (​តី​និ​ញ​) ១២-​ព្រៃនគរ (​សៃ​ហ្គ​ន​-​ហូជីមិញ​-​យ៉ា​ឌិ​ញ​-​ចឺ​ឡឺ​ន​) ១៣-​ទួល​តា​មោក (​ប៊ិ​ញ​យឿ​ង​-​ប៊ិ​ញ​ឡុង​) ១៤-​ផ្សារ​ដែក (​កៀន
​ផុង​) ១៥-​ចង្វា​ត្រពាំង (​ភឿ​កថា​ញ់​-​ផឿក​ឡុង​) ១៦-​មេស (​ឌិ​ញ​ទឿ​ង​) ១៧-​កោះ​គង (​ឌិ​ញ​ទឿ​ង​-​ឡុង​អាន​) ១៨-​ព្រះ​សួគ៌ា (​ផឿក​ទ្វី​-​ប៊ិ​ញ
​ទ្វី​) ១៩-​កំពង់​ឫស្សី (​កៀន​ហ្វា​) ២០-​ឈ្មោះ​ថ្មី (​ឡុង​អាន​) និង​២១-​អូរ​កាប់ (​វុង​តៅ​)៕​

អត្ថបទដែលជាប់ទាក់ទង