ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេប៉ូប្រេងឥន្ធនៈ ១ កន្លែងស្ថិតក្នុងក្រុងតាខ្មៅ ត្រូវ រកឃើញភាពមិនប្រក្រតីជាលើកទីពីរ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ

51


ខេត្តកណ្តាល៖យោងតាមលទ្ធផលត្រួតពិនិត្យឃើញភាពមិនប្រក្រតីជាលើកទី២ ដោយម្ចាស់ដេប៉ូ ពុំអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវឱ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតី ដែលរកឃើញកាលលើកទី១ ទើបមន្រ្តីជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្ត និងផ្តន្ទាទោសតាមនីតិវិធីច្បាប់។

នៅថ្ងៃ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋាន កាំកុងត្រូលបាននាំយក រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ដោយមានការសម្របសម្រួលពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះត្រួតពិនិត្យជាលើកទី២ ទៅលើស្ថានីយ/ដេប៉ូប្រេងឥន្ធន:នៅខេត្តកណ្ដាល។
ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគ លើកម្រិតសន្ទស្សន៍អុកតាន របស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់ប្រេង ដែលលក់ជូនអតិថិជនផងដែរ ។

លទ្ធផលនៃការត្រួតពិនិត្យ ៖ បានរកឃើញដេប៉ូប្រេងឥន្ធនៈតេលា រស្មី ពិសី ស្ថិតនៅបណ្តោយផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ប៉ុន្តែតម្លៃលក់រាយ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមលទ្ធផលត្រួតពិនិត្យឃើញភាពមិនប្រក្រតីជាលើកទី២ ដោយម្ចាស់ដេប៉ូ ពុំអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវឱ្យម្ចាស់ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតី ដែលរកឃើញកាលលើកទី១ ទើបមន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ត និងផ្តន្ទាទោសតាមនីតិវិធីច្បាប់។

បញ្ជាក់៖ អគ្គនាយកដ្ឋានកាំកុងត្រូល​ នៃក្រសួងពាណិជ្ជកម្ម​ បានដាក់ចេញ នូវវិធានការចំនួន​ ២​ ដើម្បីអនុវត្ត​ :​ ភាពមិនប្រក្រតី ដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង