កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សរណៈ កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍
ប៊ុលហ្គារី៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្រសួង បានចូលរួម
សមាជអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែលរៀបចំឡើងក្រោមកិច្ចសហការរបស់អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលប៊ុលហ្គារី (ក្រសួងទេសចរណ៍ប៊ុលហ្គារី) ចាប់ពីថ្ងៃទី១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការចូលរួមនេះ តបតាមការអញ្ជើញរបស់លោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារី។
អង្គសមាជអន្តរជាតិលើកទី២ បានបញ្ចប់ដោយជោគជ័យ ដោយមានការផ្លាស់ប្តូរទស្សនទាន បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងរៀបចំបង្កើតការតភ្ជាប់គោលដៅទេសចរណ៍បេតិកភណ្ឌនៃទ្វីបទាំង៥ (អឺរ៉ុប អាស៊ី អាមេរិក អាហ្វ្រិក និងអូសេអានី) ដើម្បីជំរុញកំណើនទេសចរផង ការពារបេតិកភណ្ឌផង និងលើកកម្ពស់សហគមន៍មូលដ្ឋានផង។
បន្ទាប់មកនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកលោក Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋប៊ុលហ្គារី នៅទីស្តីការក្រសួងទេសចរណ៍ប៊ុលហ្គារី និងបានចុះហត្ថលេខាលើអនុស្សណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងប៊ុលហ្គារី។ អនុស្សណៈយោគយល់គ្នានេះ បានគូសបញ្ជាក់ច្បាស់ពីការសម្របសម្រួលការធ្វើដំណើរ និងជំរុញការតភ្ជាប់តាមផ្លូវអាកាស ការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ស្ថិតិ និងឯកសារគោលនយោបាយ ច្បាប់ទេសចរណ៍ ការអភិវឌ្ឍមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍ និងចូលរួមរាល់ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានាទៅវិញទៅមក។
ដោយឡែក លោករដ្ឋមន្ត្រីក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Jaime Cabal Sanclemente អគ្គលេខាធិការរងអង្គការទេសចរណ៍ពិភពលោក។ នៅក្នុងជំនួបនេះ ក្នុងនាមអង្គការទេសចរណ៍ពិភពលោក (UNWTO) លោកអគ្គលេខាធិការរង បានបង្ហាញគោលជំហរ បន្តកិច្ចសហការជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត និងគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ សន្និសីទទេសចរណ៍ពិភពលោក និងកិច្ចប្រជុំអន្តរជាតិនានា ដែលទាក់ទងនឹងវិស័យទេសចរណ៍ ស្ថិតក្នុងគម្រោងផែនការរបស់អង្គការទេសចរណ៍ពិភពលោក។
នៅក្នុងឱកាសនៃកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី អគ្គលេខាធិការរង ថោង ខុន ក្នុងនាមកម្ពុជាបានចូលរួមបកស្រាយ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ ពិភពលោកដោយមានការសហការ យ៉ាងល្អជាមួយអង្គការយូនីស្កូ អង្គការទេសចរណ៍ពិភពលោក និង អង្គការអន្តរជាតិនានា ដោយនៅគ្រប់តំបន់បេតិកភណ្ឌពិភពលោកនីមួយៗសុទ្ធតែមានរៀបចំនូវផែនការមេក្នុងការអភិវឌ្ឍ (តំបន់ការពារទី១ ទី២ ទី៣) និងផែនការគ្រប់គ្រងទេសចរណ៍ (Tourism Management Plan) ពិសេសបង្កើតឲ្យមានអាជ្ញាធរគ្រប់គ្រង ដោយឡែកនៅតំបន់នីមួយៗ និងបង្កើតឲ្យមានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) នៅគ្រប់តំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ ពិភពលោក។ ជាងនេះទៀត បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបង្កើតឲ្យមាន គណៈកម្មាធិការអន្តរក្រសួងមួយ ដើម្បីរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ នៅក្នុងខេត្តសៀមរាប (រួមទាំងទីក្រុងសៀមរាបអង្គរ ដែលជាច្រកចេញចូលទៅកាន់ តំបន់បេតិកភណ្ឌអង្គរវត្តដ៏ល្បីល្បាញ) ក្នុងគោលដៅ ដើម្បីធ្វើការគ្រប់គ្រង អភិវឌ្ឍតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រពិភពលោក ប្រកបដោយនិរន្តរភាពស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស”។
ទាក់ទងទៅនឹងខ្សែទស្សនកិច្ចបេតិភណ្ឌ លោក ថោង ខុន បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ ផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចបេតិកភណ្ឌ ដោយចាប់ផ្តើមពីបេតិកភណ្ឌអង្គរ ទៅកាន់តំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌប្រាសាទសម្បូរណ៍ព្រៃគុក ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងទន់ ដូចជាផ្លូវថ្នល់ អគ្គិសនី បណ្តាញទូរសព្ទ ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកមគ្គុទ្ទេសក៍ ពិសេសការកសាងសហគមន៍ ទេសចរណ៍មូលដ្ឋាន និងតំបន់ជុំវិញ និងការតភ្ជាប់កញ្ចប់ទស្សនកិច្ចទៅកាន់ រាជធានីភ្នំពេញ តំបន់សមុទ្រ និងអេកូទេសចរណ៍ផ្សេងទៀត។
សូមជម្រាបថា ប៊ុលហ្គារី មានចំនួនប្រជាជនជាង ៧,១លាននាក់ ស្ថិតនៅអឺរ៉ុបភាគខាងកើត ជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុប (ចាប់ពីឆ្នាំ២០០៧) ដែលធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជា។ ក្នុងឆ្នាំ២០១៧ ប៊ុលហ្គារីទទួលបានទេសចរអន្តរជាតិជាង ៨លាននាក់ និងមានផែនការទទួលទេសចរអន្តរជាតិប្រមាណ ៩លាន នៅឆ្នាំ ២០១៨ និង១០លាននាក់នៅឆ្នាំ២០១៩៕