ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួនាទីនិងការចូលរួមរបស់គិលានុបដ្ឋាកនិងឆ្មប​ ក្នុងអន្តរាគមន៌ជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ​ គឺមិនអាចខ្វះបាន

84


សៀមរាប៖​ សន្និសីទអន្តរជាតិប្រចាំឆ្នាំ២០១៨ ស្តីពីការកសាងសមត្ថភាព និងភាពធន់នឹងគ្រោះមហន្តរាយដោយផ្តោតលើការចូលរួមរបស់គិលានុបដ្ឋាក នៃបណ្តាញការថែទាំ សង្រ្គោះបន្ទាន់ និងគ្រោះមហន្តរា​ អាស៊ីប៉ាស៊ីហ្វិក (APEDNN) បានប្រព្រឹត្តទៅដោយជោគជ័យ​ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលមានអ្នកជំនាញការ​ និងគិលានុបដ្ឋាកចូលរួមចំនួន ១០៧ នាក់ អញ្ជើញមកពីបណ្តាប្រទេសចំនួន​ ១៣ ប្រទេស (អូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង ស្វ៊ីស ថៃ សហរដ្ឋអាមេរិក ហ្វីជី​ និងវៀតណាម) ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​នៃក្រសួងសុខាភិបាល​ នាល្ងាច ថ្ងៃទី១៦​ ខែវិឆ្ឆិកា​ ឆ្នាំ២០១៨។

គួរកត់សម្គាល់ផងដែរថា​ កម្មវិធីបើកសន្និសីទអន្តរជាតិនេះ​ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ដែលលោក សាស្រ្តាចារ្យ បានបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង (១) ចែករំលែកបទពិសោធន៍លើសមត្ថភាពនៃគ្រោះមហន្តរាយ និងកសាង សមត្ថភាពក្នុងការអប់រំការស្រាវជ្រាវនិងការអនុវត្ត (២) លើកកម្ពស់ការអនុវត្តគ្លីនិកល្អបំផុតក្នុងការគ្រប់គ្រងនិង ទប់ទល់នឹងគ្រោះមហន្តរាយ និង (៣) ពង្រឹងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយនៅក្នុងសហគមន៍ និងការ ថែទាំសុខភាព។

តាមរយៈបទបង្ហាញជាច្រើនដែលធ្វើឡើងដោយអ្នកតំណាងមកពីប្រទេសផ្សេងៗគ្នាក្នុងរយៈពេល ២ ថ្ងៃនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល​ បានមានប្រសាសន៍ក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិនេះថា ” គ្រោះមហន្តរាយកើតមានជាញឹកញាប់នៅក្នុង ពិភពលោក ហើយវានឹងបន្តកើតឡើងដោយគ្មានទីបញ្ចប់ ” ។ គ្រោះមហន្តរាយអាចមានផលវិបាកធ្ងន់ធ្ងរទៅលើ ជីវិតមនុស្ស និងទ្រព្យសម្បត្តិដែលមានការខូចខាតដែលអាចឈានដល់រាប់ពាន់លានដុល្លារ ។ លើសពីនេះទៅទៀត គ្រោះមហន្តរាយ ក៏អាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេស បន្តប៉ះពាល់ដល់ GDP និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ គ្រោះមហន្តរាយមានផលប៉ះពាល់ជាសកល ទាំងនេះ មិនអាចត្រូវបានដោះស្រាយដោយសហគមន៍ ឬប្រទេសតែមួយបានទេ ជាចាំបាច់យើងត្រូវការ ធនធានជាច្រើន និងធនធានមនុស្សដែលមានវិជ្ជាជីវៈខុសៗគ្នាធ្វើការជាមួយគ្នាដើម្បីសង្គ្រោះជីវិតមនុស្ស។ នៅក្នុងការថែទាំនិងជួយសង្រ្គោះនេះ​ តម្រូវឱ្យមានការចូលរួមពីគិលានុបដ្ឋាកនិងឆ្មប​ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ​ និងមានសមត្ថភាពយល់ដឹងអំពីការងារដែលត្រូវធ្វើ និងរបៀបអនុវត្តការងារដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះ នាពេលអនាគត ការកើនឡើងផលប៉ះពាល់ដោយគ្រោះមហន្តរាយទៅលើបុគ្គលនិងសហគមន៍ តម្រូវឱ្យមានការអភិវឌ្ឍជា បន្តបន្ទាប់នូវគិលានុបដ្ឋាកនិងឆ្មបដែលមានសមត្ថភាពដើម្បីបំពេញនូវតម្រូវការសម្រាប់ការផ្តល់សេវាថែរក្សាសុខភាព ដើម្បីឆ្លើយតបទៅនឹងភាពគ្រោះអាសន្ន ស្មុគស្មាញដល់ជីវិតមនុស្ស ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង​ សាកលវិទ្យាល័យម៉ាហ៊ីដុលនៃប្រទេសថៃ​ និងនាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ដែលបានសហការរៀបចំសន្និសីទអន្តរជាតិ ដ៏មាមសារសំខាន់នេះឡើងនិងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានពិភាគ្សា​ ចែករំលែកចំណេះដឹងគ្នាទៅវិញទៅវិញទៅមក អំពីការចូលរួមរបស់គិលានុបដ្ឋាក​ លើការគ្រប់គ្រងនិងឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលជាលទ្ធផល បានធ្វើឱ្យអ្នកចូលរួមសន្និសីទទាំងអស់បានទាញយកនូវព័ត៌មាន និងបទពិសោធន៍យ៉ាងច្រើន ដូចជាការអប់រំ ការស្រាវជ្រាវក្នុងគ្រោះមហន្តរាយ ភាពជាអ្នក ដឹកនាំនិងការគ្រប់គ្រងក្នុងការឆ្លើយតប នឹងគ្រោះមហន្តរាយ និងសុខភាពផ្លូវចិត្ត ជាពិសេស សន្និសីទអន្តរជាតិនេះ​ បានពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្រ្តក្នុងការអនុវត្ត ការទប់ស្កាត់ ការកាត់បន្ថយ ការត្រៀមរៀបចំ ការឆ្លើយតប និងការធ្វើឲ្យប្រសើឡើងនូវការចូលរួមរបស់គិលានុបដ្ឋាក​ ដែលជំរុញឲ្យ​ APEDNN នេះ បង្កើនបណ្តាញវិជ្ជាជីវៈ ដើម្បី លើកកម្ពស់សមត្ថភាពគិលានុបដ្ឋាកនិងឆ្មប ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយទៅលើសហគមន៍សុខភាព។

ចុងបញ្ចប់​ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានផ្តាំផ្ញើនិងលើកឡើងថា៖​ តួនាទីនិងការចូលរួមរបស់គិលានុបដ្ឋាកនិងឆ្មប​ ក្នុងអន្តរាគមន៌ជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ​ គឺមិនអាចខ្វះបានឡើយ​ ហើយបានផ្តល់អនុសាសន៌សូមឲ្យប្រទេសទាំងអស់៖
​១. ចែករំលែកមេរៀន និងបទពិសោធន៍ពីគ្រោះមហន្តរាយពីវិធីសាស្ត្រអនុវត្តដើម្បី ការកែលម្អការងារឲ្យមានលទ្ធផលល្អប្រសើរ​ និងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។
​២. ពង្រឹងការងារសង្គ្រោះបន្ទាន់ និងសម្របសម្រួលពេលមានគ្រោះមហន្តរាយ ដើម្បីគាំទ្រដល់រដ្ឋជាសមាជិករបស់បណ្តាប្រទេសក្នុងបណ្តាញ។
​៣. វាជាការសំខាន់ដែលបណ្តាប្រទេស និងគ្រឹះស្ថានថែទាំសុខភាពរៀបចំផែនការ ដើម្បីឲ្យមានបុគ្គលិកជាគិលានុបដ្ឋាក និងឆ្មបដែលមានចំណេះដឹងផ្នែកថែទាំគ្រោះមហន្តរាយ ជាពិសេសអ្នកគ្រប់គ្រងគិលានុបដ្ឋាកដើម្បីធ្វើការនៅតំបន់ដែលមានគ្រោះមហន្តរាយក្នុង មុខតំណែងធម្មតារបស់ពួកគេដែលបំពេញដោយគិលានុបដ្ឋាកដទៃទៀត។
​៤. សមត្ថភាពថែទាំគ្រោះមហន្តរាយត្រូវតែបង្កើតឡើងសម្រាប់គិលានុបដ្ឋាក ទូទៅដែលត្រូវការ សម្រាប់គិលានុបដ្ឋាកផ្នែកថែទាំគ្រោះមហន្តរាយ។
​៥. រៀបចំផែនការជាមុនសម្រាប់បុគ្គលិកថែទាំសុខភាពដែល ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ៕

អត្ថបទដែលជាប់ទាក់ទង