ប៉ូលិសម្នាក់ចូលផឹកស៊ីនៅខារ៉ាអូខេ ពិភពរាត្រី ហើយម្ដាយទៅរករឿង ក៏បាញ់ជាង១០គ្រាប់ ទម្លុះកញ្ចក់រថយន្ត
ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ បានដកកាំភ្លើងខ្លី បាញ់ទម្លុះកញ្ចក់រថយន្តរបស់ខ្លួន អស់ជាង១០គ្រាប់ ដោយសារខឹងម្ដាយ ទៅរករឿងពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេពិភពរាត្រី ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅមុនពេលកើតហេតុ មន្ត្រីនគរបាលរូបនោះ បានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង ពិភពរាត្រី។ លុះមួយសន្ទុះក្រោយមក ស្រាប់តែម្ដាយ បានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារនឹងម្ដាយ ហើយស្ទុះដើរចេញមកខាងក្រៅ រួច ដកកាំភ្លើងខ្លីបាញ់សំដៅរថយន្តរបស់ខ្លួនអស់ជាង១០គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្ត ខាងមុខ។
ក្រោយ ការ បាញ់បោះ ជនបង្ក និងម្ដាយ និងកូន បានគេចខ្លួន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែក កម្លាំងនគរបាល ព្រមទាំងកម្លាំងអាវុធហត្ថ បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការតាមជំនាញ៕