ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤,៦៧លានអឺរ៉ូ

169


ភ្នំពេញ៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Rémi GENEVEY ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៦,៤លានដុល្លារអាមេរិក, នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៦វិច្ឆិកា បានឲ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីទាំង៣នោះរួមមាន៖

១៖ ឥណទានសម្បទានចំនួន៥៥លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១៖
កម្មវិធីនេះមានទិសដៅអនុវត្តបន្ត ពីគម្រោងដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅ ក្នុងការបន្តពង្រីកការងារស្តារព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត, ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹក នៅក្នុងខេត្តគោលដៅចំនួន៥ដែលរួមមាន៖ ខេត្តកណ្តាល, បាត់ដំបង,ព្រះវិហារ,សៀមរាប និងខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្រោចស្រព លើផ្ទៃដីកសិកម្មបានប្រមាណជាង ២០.០០០ ហិកតា ។

ជាមួយគ្នានេះ, សហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/Asian Investment Facility “AIF”) ក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ១៣លានដុល្លារអាមេរិក សម្រាប់ធ្វើសហហិរញ្ញប្បទានដល់កម្មវិធីនេះផងដែរ ។ កម្មវិធីនេះនឹងជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យធនធាន ទឹក និងឧតុនិយមឆ្នាំ ២០១៨-២០២៣។

២៖ ហិរញ្ញប្បទានឥតសំណងចំនួន ២៥លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)៖
កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ២៥លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណង របស់ EU ក្នុងគោលដៅគាំទ្រកំណើនប្រកបដោយនិរន្តរភាព, ភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យជលផលនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ វារីវប្បកម្មជាតិ និងក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ ២០១០-២០១៩ ។ 

៣៖ ហិរញ្ញប្បទានឥតសំណងចំនួន ៤,៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអនាម័យតាមខេត្ត៖
គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ១១០,៨លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី ADB ចំនួនប្រមាណ៥០លានដុល្លារអាមេរិក, ឥណទានសម្បទានពី AFD ចំនួន៤០លានអឺរ៉ូ ត្រូវជាប្រមាណ៤៥,៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៤,៦៧លានអឺរ៉ូ ត្រូវជាប្រមាណ ៥,៣១លានដុល្លារអាមេរិក, ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់យន្តការផ្តល់ឥណទានរួមគ្នា (JFJCM) ចំនួន ១០លានដុល្លារអាមេរិក ។

គម្រោងនេះនឹងចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ ២០១១-២០២៥ សំដៅបង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុងនៅក្នុងខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងខេត្តសៀមរាប ។

គួររំលឹកថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលគិតចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន, រាប់ទាំងកិច្ចព្រមព្រៀងទាំង៣នេះផង, រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងតាមរយៈ AFD បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៥៥៤លានអឺរ៉ូ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលរួមមានសហគមន៍អឺរ៉ុប (EU) ផ្ទាល់ និងតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (AIF) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងខាងលើ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកប ដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕

អត្ថបទដែលជាប់ទាក់ទង