ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិនអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ

63

ភ្នំពេញ៖ ប្រមុខកាទូតកម្ពុជាឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានប្រាប់ទៅកាន់អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sulllivan ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ គឺជាពាក្យចចាមអារាមដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិន នៅតំបន់សមុទ្រនៃខេត្តកោះកុងប៉ុណ្ណោះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ដីពីលទ្ធផលនៃជំនួបរវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន និងលោក John Sulllin អនុរដ្ឋមន្ដ្រីការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ទៅកាន់ សហរដ្ឋអាមេរិកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្ដីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា នេះគឺជាពាក្យចចាមអារាមដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដូចជាការបញ្ជូនកងទ័ពយើងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ»។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់ មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មានអនឡាញ Asia Times បានចម្លងគ្នាផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សុំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅ ចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងចិន និងអាមេរិកជាដើម៕

អត្ថបទដែលជាប់ទាក់ទង