ទិវាកីឡាដើម្បីទាំងអស់គ្នាក្រោមប្រធានបទកីឡាដើម្បីសុខភាព
ភ្នំពេញ:ដោយមានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំយុវជន និង កីឡានោះពេញមួយថ្ងៃទី១៧វិច្ឆិកានាយកដ្ឋានអប់រំកាយ និងកីឡាបានរៀបចំទិវាកីឡា ដើម្បីទាំងអស់គ្នា ក្នុងទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អគ្គនាយករងកីឡា ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានាយកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារួមជាមួយកីឡាករ-កីឡាការិនីជាង២០០នាក់ចូលរួម ្
ឆ្នាំនេះទិវាកីឡាដើម្បីទាំងអស់គ្នាធ្វើឡើងក្រោមប្រធានបទ<កីឡាដើម្បីសុខភាព> ។ទិវានេះមានការចូលរួមសហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាអត្តពលកម្ម សហព័ន្ធកីឡាទាញព្រ័ត្រ និងគតុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។
ល្បែងដែលដាក់ឲ្យលេងក្នុងកម្មវិធីនោះមានចរឹកជាប្រភេទកីឡាមហាជន ដើម្បីសុខភាពដែលក្នុងនោះ មានការរាំជាមួយចង្វាក់ភ្លេងតាមបែបកីឡាអាអេរ៉ូប៊ិក ការរត់ប្រណាំងខ្លីៗ កីឡាទាញព្រ័ត្រ និងការរត់ដោយចងជើងគ្នាជាគូ ។
លោកប៊ូ ជុំសេរីបានបញ្ជាក់នៅក្នុងសន្ទរកថា របស់លោកថាទិវាកីឡា ដើម្បីសុខភាពនេះមានសារសំខាន់ណាស់ សម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ យុវជន យុវតីដែលបែរមកលេងកីឡាដើម្បីសុខភាព ដោយជៀសឆ្ងាយពី គ្រឿងញៀន និងអំពើរអបាយមុខផ្សេងៗ ដែលសង្គមស្ងប់ខ្ពើម ។