ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តចំនួន៧០រូប ទស្សនកិច្ចតំបន់កសិ-ឧស្សាហ៍កម្មរបស់ឧញ៉ា ម៉ុង ឬទ្ធី

62

ព្រះសីហនុ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត  លោក ម៉ប់ សារិន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨  បានដឹកនាំប្រតិភូក្រុមប្រឹក្សារាជធានី ខេត្តចំនួន៧០រូប មកពី១៣ខេត្ត ធ្វើទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កសិ-ឧស្សាហ៍កម្មរបស់អ្នកឧញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលស្ថិតនៅខេត្តព្រះសីហនុ។

ក្នុងដំណើរ ទស្សនកិច្ចនោះប្រតិភូបានទស្សនា ចំការដូងប្រេង រោងចក្រផលិតចំណីសត្វរោងចក្រផលិតកៅស៑ូក្រែប និងកំពង់ផែកែវផុសផងដែរ។

ប្រតិភូក្រុមប្រឹក្សារាជធានី-ខេត្ត និងលេខាធិការក្រុមប្រឹក្សាប្រមាណ៧០រូបនោះ មកពី ដូចជា រាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ឆ្នាំង។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នឹងរៀបចំដំណើរទស្សនិច្ចលើកទី២ ទៅតំបន់ឥសាន សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត និងលេខាធិការក្រុមប្រឹក្សាប្រមាណ ៦០ រូប មកពី ១២ ខេត្តផ្សេងទៀត រួមមានខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កែប កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ ពោធិសាត់ ប៉ៃលិន និងសៀមរាប។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៨៤២ សជណ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីមហាសន្និបាតនាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។

បច្ចុប្បន្ន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តមានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ ជាសមាជិក, ដែលសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត ៣៩៣រូប៕

អត្ថបទដែលជាប់ទាក់ទង