ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែថា៖ការងារអត្រានុកូលដ្ឋាន គឺសំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុ កូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

36

ភ្នំពេញ៖ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ។ដូច្នេះមន្ត្រីដែលបំពេញការងារនេះត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី។

  ការលើកឡើងនិងការស្នើបែបនេះរបស់ឯកឧត្ដមកើត ឆែ បានធ្វើឡើង ខណៈឯកឧត្ដមបានអញ្ជើញជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទ «សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដា្ឋន និងអត្តសញ្ញាណកម្ម» ជូនដល់ ថ្នាក់ដឹកនាំ-មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ទីរ-អង្គភាពក្រោមឱវាទ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្ដមឧត្តមសេនីយ៍ឯក បណ្ឌិត តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងឯកឧត្ដមកែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។

  ឯកឧត្ដមកើត ឆែ បន្តថា៖ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន គឺសំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុ កូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា។ អង្គសិក្ខាសាលានេះធ្វើឡើង ដើម្បីទទួលយកនូវចំណេះដឹងថ្មី សម្រាប់ជាទុនបន្ថែម និងជាមូលដ្ឋាន ឈានទៅអនុវត្តច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

ឯកឧត្ដមបន្តថា៖ ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារអត្រានុកូលដ្ឋាន គឺជាឯកសារបញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ដែលរួមមាន៖ (១) កំណើត (២) ការ រៀបអាពាហ៍ពិពាហ៍ និង (៣) មរណភាព ។

  ឯកឧត្ដមបន្តទៀតថា សម្រាប់ទិដ្ឋភាពច្បាប់ ឯកសារអព្រានុកូលដ្ឋាន គឺជា ភស្តុតាងលាយលក្ខណ៍អក្សរដែលបង្ហាញអំពីស្ថានភាពគតិយុត្តរបស់បុគ្គលម្នាក់១ និងប្រើប្រាស់ជាមូលដ្ឋាន ក្នុងការ កំណត់សិទ្ធិ និងកាតព្វកិច្ចផ្សេងៗផងដែរ។ ឈរលើមូលដ្ឋាននេះ និងអនុលោមតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈ ពេល១០ឆ្នាំ (២០១៧-២០២៦) ក្នុងគោលដៅពង្រឹង និងធ្វើទំនើបកម្មការងារអត្តសញ្ញាណកម្ម, ច្បាប់ស្ដីពីរតនុកូលដ្ឋាន ស្ថិត អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ហើយនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខនេះ។

  ឯកឧត្ដមកើត ឆែ បានបញ្ជាក់ផងដែតថា៖ ការគ្រប់គ្រងអត្តសញ្ញាណរបស់ប្រជាជន ជាកិច្ចការសន្តិសុខថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលឱ្យ អាជ្ញាធរអាចគ្រប់គ្រង និងបង្ការនូវបទល្មើសបាន។ ឯកឧត្ដមស្នើអោយមន្ត្រីដែលបំពេញការងារអត្រានុកូលដ្ឋានត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី ព្រមទាំងត្រូវដុសខាត់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាផងដែរ។

ឯកឧត្ដមកើត ឆែលើកឡើងថា៖ទីចាត់ការរដ្ឋបាល ត្រូវលើកផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៥ ឱ្យបានរួសរាន់។

ក្នុងអំឡុងពេលអនុវត្តច្បាប់ថ្មី, ក្នុងករណីដែលមានភាពស្រពិចស្រពិល ឬមិនច្បាស់លាស់ត្រង់ចំណុច ណាមួយ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់សង្កាត់ និងមន្ត្រីពាក់ព័ន្ធថ្នាក់ខណ្ឌ ត្រូវទំនាក់ទំនងមកការិយាល័យ ស្ថិតិ និងអត្រានុកូលដ្ឋាន ទីចាត់ការរដ្ឋបាល សាលារាជធានីភ្នំពេញ ដើម្បីសុំការបញ្ជាក់៕

អត្ថបទដែលជាប់ទាក់ទង