ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យឯកឧត្ដមគង់ វិបុល ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារពន្ធដារ ដើម្បីកាត់បន្ថយការិយាធិបតេយ្យ

21

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នាពេលថ្មីៗនេះសម្តេចបានជួបជាមួយឯកឧត្ដមគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងបានជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារពន្ធដារឱ្យបានច្រើន ដើម្បីកាត់បន្ថយការិយាធិបតេយ្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ម្សិលមិញជួបជាមួយឯកឧត្តម គង់ វិបុល ឥលូវធ្វើមិចរុញប្រព័ន្ធអនឡាញឱ្យបានច្រើនរឿងពន្ធនេះ ដើម្បីធ្វើយ៉ាងណាកាត់ភាពស្មុគស្មាញនេះឱ្យបានច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់ច្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវកម្មវិធី ដើម្បីបានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការជាច្រើនផងដែរ នេះជាអ្វីដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការិយាធិបតេយ្យ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើកំណែរទម្រង់ធំ ហើយការកែទម្រង់គឺបានធ្វើច្រើនហើយ ប៉ុន្តែសម្រាប់ការកែទម្រង់ពេលខ្លះវាមិនខុសពីវិស័យឯកជននោះទេ ខណៈការកែទម្រង់ខ្លះគឺបានធ្វើនៅពេលដែលលំបាក ពេលស្រួលមិនធ្វើនោះទេ ដោយសារពេលស្រួលគឺមិនសូវចាប់អារម្មណ៍រឿងតិចតួចនោះទេ ហើយការកំណែទម្រង់មុតស្រួចខ្លះទាល់តែពេលលំបាកបានមានពេលអង្គុយធ្វើបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលពេលកែទម្រង់ខ្លះ ពេលដែលស្ថានភាពទៅគឺពិបាកក្នុងការពន្យល់គ្នាដើម្បីត្រូវតែកែរ ដែលជាក់ស្តែងមានមតិលើងឡើងថា កែរធ្វើអ្វីបើសិនមិនខុស បើមិនខូចកែរអី ដើម្បីប្រសិទ្ធភាពអីទៀតតែប៉ុណ្ណឹងបានហើយ។ ដូចនេះរដ្ឋបាលគឺយកឱកាសនេះដើម្បីកែពង្រឹង ហើយពេលដែលលំបាក ពេលដែរសេដ្ឋកិច្ចរាជផ្អាកបន្តិច ជាពេលដែលយើងអាចវាយតម្លៃជាមួយគ្នា និងរៀបចំធ្វើការកែរទម្រង់ជាមួយគ្នាបាន៕

អត្ថបទដែលជាប់ទាក់ទង