ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ថារុស្ស៉ីនឹង ចាប់ផ្ដើមផលិតមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ រយៈចម្ងាយមធ្យម ឡើងវិញ

27

មូស្គូ៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បាននិយាយថារុស្ស៉ីអាចនឹងចាប់ផ្ដើមផលិតឡើងវិញនូវមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ហើយអាចនឹងពិចារណាដាក់ពង្រាយមីស៊ីលទាំងនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពង្រាយមីស៊ីលប្រភេទដូចគ្នានេះទៅកាន់តំបន់អឺរ៉ុប និងអាស៊ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសខាងលើរបស់លោក ពូទីន ដែលត្រូវបានគេមើលឃើញថាជាការសម្លាប់កិច្ចព្រមព្រៀងនូវសេសសល់ទាំងអស់ នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់បំផុតសល់ពីសម័យសង្រ្គាមត្រជាក់ កើតមានឡើងចំពេលមានការព្រួយបារម្ភថាមហាអំណាចនុយក្លេអ៊ែរទាំង២ គឺសហរដ្ឋអាមេរិក និងរុស្ស៉ី អាចនឹងឈានជើងចូលក្នុងការរត់ប្រណាំងអាវុធថ្មីមួយជាមួយនឹងចិនដែរ។ សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាដោយអតីតមេដឹកនាំសូវៀត លោក Mikhail Gorbachev និងអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ក្នុងឆ្នាំ១៩៨៧ បានបង្កើតពេលវេលាមួយជាលើកដំបូង ដែលមហាអំណាចទាំង២ បានឯកភាពគ្នាលើការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររៀងៗខ្លួន។

ប៉ុន្តែ សហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីសន្ធិសញ្ញា INF កាលពីឆ្នាំ២០១៩ បន្ទាប់ពីអះអាងថាទីក្រុងមូស្គូ បានបំពានលើសន្ធិសញ្ញានេះ ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំងបានបដិសេធម្ដងហើយម្ដងទៀត។ រុស្ស៉ីបានដាក់កំហិតលើការផលិតមីស៊ីលដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញា INF រួមមានដូចជាមីស៊ីលបាលិស្ទីគ និងគ្រូសមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់បានចម្ងាយពី៥០០គីឡូម៉ែត្រ ដល់ ៥ ៥០០គីឡូម៉ែត្រ។ បើតាមលោក ពូទីន រុស្ស៉ីបានសន្យាថានឹងមិន ដាក់ពង្រាយមីស៊ីលប្រភេទនេះទេ ប៉ុន្តែលោកថាសហរដ្ឋអាមេរិកទៅវិញដែលបានចាប់ផ្ដើមការផលិតមីស៊ីលប្រភេទនេះឡើងវិញ ហើយថែមទាំងបានដាក់ពង្រាយទៅកាន់ដាណឺម៉ាក និងហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធយោធាទៀតផង។

លោក ពូទីន បានសង្កត់ធ្ងន់ប្រាប់ក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ដូច្នេះថា «យើងចាំបាច់ត្រូវតែឆ្លើយតបចំពោះទង្វើនេះ និងសម្រេចចិត្តថាតើយើងនឹងត្រូវធ្វើអ្វីសម្រាប់ទិសដៅបន្ទាប់ហើយមើលទៅ យើងចាំបាច់ត្រូវតែចាប់ផ្ដើមផលិតប្រព័ន្ធអាវុធប្រភេទនេះ និងដាក់ពង្រាយផ្អែកលើស្ថានការណ៍ជាក់ស្ដែង ព្រមទាំងធ្វើការសម្រេចចិត្តថាតើដាក់ពង្រាយនៅទីណា ក្នុងករណីចាំបាច់ ដើម្បីការពារ សុវត្ថិភាពរបស់យើង»

គួរបញ្ជាក់ថា លោក ពូទីន កាលពីដើមខែមិថុនានេះ ក៏ធ្លាប់បានព្រមានដែរថារុស្ស៉ីអាចនឹងដាក់ពង្រាយមីស៊ីលដែលអាចបាញ់ដល់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ប្រសិនបើពួកគេ អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិចវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ លោក ពូទីន មិនបានបញ្ជាក់ថាតើមីស៊ីលទាំងនោះនឹងត្រូវបានដាក់ពង្រាយនៅទីណា នោះទេ៕

អត្ថបទដែលជាប់ទាក់ទង