សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យបានច្រើន ចិញ្ចឹមអ្វី ដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យនូវទីផ្សារទាំងក្នុង និងក្រៅប្រទេស
កំពង់ចាម៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន។ ចិញ្ចឹមអ្វី និងដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីធានាលើរឿងទាំងពីរនេះ រដ្ឋត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ នាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឱ្យសមស្រប។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាល បានលើកលែងសេវាលើអាករបន្ថែមលើការផលិតផលផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញរួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូវមី និងកៅស៊ូ។ ដូច្នេះ សហគ្រាសដែលពាក់ព័ន្ធនឹងការផលិតដំណាំកសិកម្ម ត្រូវបានលើកលែងអាករបន្ថែម ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា កាលនៅដើមអាណត្តិទី៧ ពោលគឺនៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានលើកលែងលើអាករបន្ថែមរួមមាន៖ មៀនប៉ៃលិន, ស្វាយ, វារីប្បកម្ម, ការផលិតដូងប្រេង និងការចិញ្ចឹមសត្វ រយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីបន្ធូរ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ដែលនាំចេញផលិតផលរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ សំដៅធានាការប្រកួតប្រជែងនៅក្រៅប្រទេសជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងការជួយជំរុញសិកម្ម គឺធ្វើម៉េចពិពិធកម្មឱ្យកាន់តែច្រើនជាប្រភពសំខាន់ ចិញ្ចឹមអី ដាំអីជារឿងមួយប៉ុន្តែអ្វីដែលត្រូវមានទីផ្សារទាំងក្នុង និងក្រៅប្រទេសដើម្បីធានានូវចំណូលរបស់បងប្អូនរបស់យើង»។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។ បន្ថែមពីនេះដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុងឆ្នាំ២០២៣ វិស័យកសិកម្ម បានរួមចំណែកប្រមាណ២២% នៃផលិតផលសរុបក្នុងប្រទេស។ រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យកសិកម្មនេះទៀតសោត ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា គឺមានគោលដៅសំខាន់ៗពីរ គឺទី១៖ ការយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងទី២៖ ការធ្វើពាណិជ្ជកម្ម ឬនិយាយដោយសាមញ្ញ គឺសម្រាប់ហូបចុក និងលក់ដូរ។ សម្ដេច ថា ការដោះស្រាយបញ្ហាកសិកម្ម គឺដៃម្ខាងគិតគូរពីចំណូលរបស់ប្រជាកសិករ ប៉ុន្តដៃម្ខាងទៀត ត្រូវធានាកុំឱ្យតម្លៃថ្លៃពេក ដែលអាចប៉ះពាល់ដល់អ្នកទិញបរិភោគ។
ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្ដេជ្ញាចិត្តបន្តពីរាជរដ្ឋាភិបាល អាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ជួយដល់កសិករនៅទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងក្នុងវិស័យកសិកម្ម៕