ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង៨សែននាក់ ចុះហត្ថលេខាលើញត្តិទាមទារឱ្យសភាកូរ៉េខាងត្បូង ទម្លាក់ប្រធានាធិបតី Yoon Suk Yeol ពីអំណាច

21

សេអ៊ូល៖មកទល់ពេលនេះ មនុស្សចំនួនលើស៨១១,០០០នាក់ បាននាំគ្នាចុះហត្ថលេខាលើ ញត្តិអនឡាញមួយ នៅលើវែបសាយរបស់ សភាកូរ៉េខាងត្បូង ដែលមានគោលដៅទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវសភាបោះឆ្នោតទម្លាក់ចេញពី អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

ញត្តិអនឡាញខាងលើ ត្រូវបានចាប់ផ្តើមដាក់ឱ្យ ប្រជាជនកូរ៉េខាងត្បូងចុះហត្ថលេខា តាំងតែពីថ្ងៃទី២០ ខែមិថុនា មក ហើយវាអំពាវនាវឱ្យ សភាចេញសេចក្តីស្នើច្បាប់មួយ ដើម្បីទម្លាក់លោក Yoon ពីតំណែង ក្រោមហេតុផលថា រូបលោកអសមត្ថភាពក្នុងការកាន់តួនាទីជា ប្រធានាធិបតីកូរ៉េខាងត្បូង។ ញត្តិនោះចោទប្រកាន់លោក Yoon ពាក់ព័ន្ធអំពើពុករលួយ បង្កើនហានិភ័យសង្រ្គាមជាមួយកូរ៉េខាងជើង និង ធ្វើឱ្យប្រជាជនកូរ៉េខាងត្បូង ប្រឈមហានិភ័យផ្នែកសុខភាព ដោយសារមិនរារាំងជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្ម ចូលទៅក្នុងសមុទ្រ។

ដោយអាស្រ័យតាមច្បាប់ សភាកូរ៉េខាងត្បូងចាំបាច់ត្រូវបញ្ជូនញត្តិទាំងឡាយណា ដែលមានហត្ថលេខាមនុស្សលើស៥០,០០០នាក់ ទៅកាន់គណៈកម្មាធិការមួយ ដែលនឹងទទួលបន្ទុកធ្វើការសម្រេចចិត្តថា តើគួរដាក់វាឱ្យសភាបោះឆ្នោតដែរ ឬក៏យ៉ាងណា។ យោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង គណបក្សប្រឆាំង Democratic Party ដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា ហាក់ស្ទាក់ស្ទើរ ក្នុងការប្រែក្លាយញត្តិនោះ ឱ្យទៅជាសេចក្តីស្នើច្បាប់ ស្តីពីការទម្លាក់ប្រធានាធិបតី ដ្បិតគណបក្ស មិនទាន់បានពិភាក្សាគ្នាឱ្យល្អិតល្អន់ ជុំវិញបញ្ហានេះនៅឡើយ។

សភាកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតទម្លាក់ប្រធានាធិបតី ក្នុងសំឡេងគាំទ្រ យ៉ាងហោច២ភាគ៣។ បន្ទាប់មក តុលាការធម្មនុញ្ញ នឹងពិចារណាហើយសម្រេចជាចុងក្រោយថា នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតទម្លាក់នោះ ដែរឬក៏អត់។ ប្រជាប្រិយភាពរបស់លោក Yoon បានបន្តធ្លាក់ចុះ ចាប់តាំងពីពេលឡើងកាន់អំណាច កាលពីឆ្នាំ២០២២ ខណៈកម្រិតប្រជាប្រិយភាពចុងក្រោយបង្អស់របស់លោក គឺស្ថិតនៅក្បែរៗ២៥ភាគរយ ចាប់តាំងពីខែមេសា ឆ្នាំនេះ។

គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង សភាធ្លាប់បោះឆ្នោតទម្លាក់ប្រធានាធិបតីចំនួន២រូប គឺលោក Roh Moo-hyun ឆ្នាំ២០០៤ និងលោកស្រី Park Geun-hye ឆ្នាំ២០១៧។ ការបោះឆ្នោតទម្លាក់លោក Roh ត្រូវបានតុលាការធម្មនុញ្ញបដិសេធ ក៏ប៉ុន្តែការទម្លាក់ លោកស្រី Park ត្រូវបានយល់ព្រម៕

អត្ថបទដែលជាប់ទាក់ទង