ប្រឡងជ្រើសរើសបេក្ខជន ឲ្យចូលបំរើការងារ ក្នុងក្របខណ្ឌ័មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០១៨
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៨វិច្ឆិកា ក្រសួងមហាផ្ទៃ សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបំរើការងារ នៅក្នុង ក្របខណ្ឌ័មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សំរាប់ឆ្នាំ២០១៨ ដោយយកវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក ធ្វើជាមណ្ឌលប្រឡង។
លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ,លោក ប្រាក់ សំអឿន អគ្គ នាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ,លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួម កាត់វិញ្ញាសារសំរាប់ការប្រឡងនេះ។
តាមការឲ្យដឹង ពីមន្ត្រីរៀបចំការប្រឡង បញ្ជាក់ថា៖សំរាប់មណ្ឌលរាជធានីភ្នំពេញ មានបេក្ខ ជនបេក្ខនារី ចូលរួមប្រឡង មានចំនួន៤១៦នាក់ មកពីពន្ធនាគារ រាជធានីភ្នំពេញ,ពន្ធនាគារខេត្តតាកែវ, ពន្ធនាគារខេត្តកណ្តាល, មណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២មកប្រឡងចូលគ្នា ក្នុងរយៈពេលពេញមួយព្រឹក ថ្ងៃទី១៨ វិច្ឆិកានេះដំណាលគ្នានឹងការប្រឡង នៅទូទាំងប្រទេស ប្រទេសដែរ។ សំរាប់មណ្ឌលរាជធានីភ្នំពេញបេក្ខជន ដែលត្រូវជ្រើសរើសយក មានចំនួន១០នាក់ ក្នុងចំណោមបេក្ខ ជន៤១៦នាក់ ស្រី១៣១នាក់។
ចំពោះវិញ្ញាសារ ដែលត្រូវលើកយកមកប្រឡង ត្រូវបានបែងចែកជា២ ទី១៖សំរាប់មន្ត្រីប្រតិបត្តិ នៅពន្ធនាគារ មានចំណេះដឹងទូទៅ ចំណេះដឹង លើវិស័យពន្ធនាគារ និងគណិតវិទ្យា។
ទី២៖សំរាប់មន្ត្រីជំនាញឯកទេស (វេជ្ជបណ្ឌិត ពេទ្យមធ្យម វិស្វករក្សេត្រសាស្ត្រ ស្ថាបត្យករ បសុពេទ្យ និងមន្ត្រីជំនាញ ពត៌មានវិទ្យា ប្រឡងលើវិញ្ញសារ ចំណេះដឹងទូទៅ ចំណេះដឹងលើវិ ស័យសិទ្ធិមនុស្ស និងពន្ធនាគារ, និងវិញ្ញាសារ ជំនាញឯកទេស ដោយប្រើរយះពេលប្រឡង ១ម៉ោងនិង៣០នាទី។
គួរបញ្ជាក់ថា៖ យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃលេខ៤១០៧ប្រ.ក ស្តីពីការប្រឡងជ្រើសរើស បេក្ខជនឲ្យចូលបម្រើការងារ នៅក្នុងក្របខណ្ឌ័មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សំរាប់ឆ្នាំ២០១៨ បានបើកឲ្យមានការប្រឡងប្រជែង ជ្រើសរើសបេក្ខជនជាសិស្ស និស្សិតឲ្យចូលបំរើការងារ ក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ចំនួន២៥០នាក់ សំរាប់ឆ្នាំ២០១៨ ដើម្បីចាត់ឲ្យទៅបំរើការងារនៅពន្ធនាគារ រាជធានីភ្នំពេញ និងពន្ធនាគារ ខេត្តនានានៅទូទាំងប្រទេស៕