ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រេវ៉ាឡង់ នៃអ្នកជំងឺទឹកនោមផ្អែម នៅកម្ពុជា នៅទាបជាងបណ្តាបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍

332

សៀមរាប៖ យោងតាមអង្គការសុខភាពពិភពលោក បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ជំងឺទឹកនោមផ្អែម​នឹងក្លាយជាមូលហេតុទី៧ នៃមរណភាពនៅលើពិភពលោក ខណៈបច្ចុប្បន្នមនុស្សជាង​៤២៥លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម។ សម្រាប់នៅកម្ពុជា​ អត្រានៃជំងឺទឹក​នោមផ្អែម នៅទាបជាងបណ្តាបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍នៅឡើយ ប៉ុន្តែកម្ពុជា ​មានប្រេវ៉ាឡង់ នៃអ្នកជំងឺទឹកនោមផ្អែម ស្ថិតនៅវ័យចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំ ខ្ពស់ជាង​បណ្តាផ្សេងៗទៀត។

ទិវាទឹកនោមផ្អែមពិភពលោក ធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ខែវិច្ឆិកា ប៉ុន្តែសម្រាប់កម្ពុជា នៅឆ្នាំ២០១៨នេះ ធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីលានមុខប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ដែលមានការដង្ហែរក្បួន និងកាន់បដារំលេច សារ អប់រំខ្លី ពីសំណាក់សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៨០០នាក់។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងលើកកម្ពស់តួនាទី​របស់គ្រួសារក្នុងការថែទាំ ការពារ និងការអប់រំ ទាក់ទងជំងឺទឹកនោមផ្អែម ក្រុមហ៊ុនផលិត​ឱសថសាណូហ្វីកម្ពុជា សហការជាមួយសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានរៀបចំទិវាទឹក​នោមផ្អែមពិភពលោក ​ក្រោមប្រធានបទ”គ្រួសារ និងទឹក​នោមផ្អែម”។

លោកសាស្រ្តាចារ្យ លឹម កើកគី ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ នៅខេត្តសៀមរាប មានអ្នកជំងឺទឹកនោមផ្អែម ជាមធ្យម​ប្រហែល​៤.០០០នាក់ បានមកពិនិត្យព្យាបាល នៅសមាគមជំងឺទឹកនោមផ្អែម សាខាខេត្តសៀមរាប ក្នុងនោះអ្នកជំងឺប្រមាណ២.០០០នាក់ប៉ុណ្ណោះ បាន​មកទទួលសេវាព្យាបាលជាប្រចាំ។

លោកសាស្រ្តាចារ្យបានបន្តថា ភាគច្រើននៃអ្នកកើតជំងឺទឹកនោមផ្អែម គឺជាជំងឺប្រភេទទី២ ដែលជាប្រភេទ អាចការពារបានយ៉ាងច្រើន តាមរយៈសកម្មភាពមួយចំនួនដូចជា ការធ្វើ​លំហាត់​ប្រាណ ឱ្យបានទៀងទាត់ ការបរិភោគអាហារ ដែលមានតុល្យភាព និងកាលើក​កម្ពស់ជីវភាពរស់នៅ ប្រកបដោយផាសុកភាព។

លោកសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែម មិនអាចព្យាបាលបានជាសះស្បើយទេ ប៉ុន្តែអ្នក​ជំងឺមិនស្លាប់ ដោយសារជំងឺទឹកនោមផ្អែមឡើយ បើពួកគេគោរពតាមបទបញ្ជារបស់​គ្រូពេទ្យ។​ លោកសាស្រ្តាចារ្យរំពឹងថា ការយល់ដឹងទាក់ទង​ នឹងជំងឺទឹកនោមផ្អែម របស់ប្រជាពលរដ្ឋ និងកាត់បន្ថយបានអត្រា នៃអ្នកកើត​ជំងឺទឹកនោមផ្អែម​នៅកម្ពុជា។

សូមបញ្ជាក់ថា មូលហេតុចម្បងសំខាន់​បួន​យ៉ាង​ សម្រាប់​សម្គាល់​ជំងឺ​ទឹក​នោម​ផ្អែម គឺនោម​ច្រើន ស្រេក​ទឹក ចុះ​ស្គម អស់​កម្លាំង ហើយដែលកាន់តែច្បាស់បញ្ជក់ថា អ្នកមានជំងឺទឹក​នោម គឺទឹកនោមស្រមោច​រោម៕

អត្ថបទដែលជាប់ទាក់ទង