ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង៦ម៉ឺននាក់ បានរងគ្រោះថ្នាក់ដោយសារមីន

100

សៀមរាប៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍ទៀតថា ជាង២៥ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ មក រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយប្រទេសម្ចាស់ជំនួយ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានធ្វើការបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានជាង ១.៥៤៥ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៣៦.៣៧៦គ្រាប់ មីនប្រឆាំងរថគ្រោះចំនួន ២៤.២៥១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៦៦០.៦៣៩គ្រាប់។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន ទី២អាជ្ញាធរមីនកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាងបីទសវត្សរ៍ បានបន្សល់ទុកនូវគ្រាប់មីនជាច្រើន​លានគ្រាប់កប់ក្នុងដី ជាពិសេសនៅភាគខាងលិចតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងចន្លោះពីឆ្នំា ១៩៧៩ ដល់ ១៩៩៧ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកពីការទម្លាក់គ្រាប់ ពីលើអាកាសក្នុងអំឡុងពេលសង្រ្គាម នៅឥណ្ឌូចិនជាង ២,៧៥ លានតោន ចន្លោះទសវត្សរ៍ទី៦០-៧០ នៅខេត្តភាគខាងកើតទន្លេមេគង្គជាប់ព្រំដែនឡាវ និងវៀតណាម ហើយបើគិតពីឆ្នាំ១៩៧៩ ដល់ខែកញ្ញា ឆ្នាំ២០១៨ មានអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបមានចំនួន ៦៤.៧៦៩ នាក់ ដែលធ្វើឲ្យកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិពីសង្គ្រាមច្រើនជាងគេ បើប្រៀបធៀបនឹងប្រទេសដែលមានបញ្ហាមីន និងគ្រាប់នេះ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះ ពីសង្គ្រាមរយៈពេលយូរ ដែលរៀបចំឡើងនៅខេត្តសៀមរាប មានរយ:ពេល២​ថ្ងៃ គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីនកម្ពុជា និងអង្គការ GICHD ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍បន្ថែមទៀតថា សង្រ្គាមពីអតីតកាល បានបន្សល់ទុកនូវតំបន់ ដែលនៅមានការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើន សន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាលឲ្យប្រជាជនស្លូតត្រង់ ស្លាប់ របួស ពិការ និងជាឧបសគ្គដល់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង ដូច្នេះ តាមរយៈនៃអង្គសិក្ខាសាលានេះ នឹងធ្វើការពិចារណា គិតគូរអំពីការអប់រំយល់ដឹងពីសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចជួយសង្គ្រោះដល់ជនរងគ្រោះ ទៅក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពី​សង្រ្គាម​រយៈពេលវែងនេះ ៕

អត្ថបទដែលជាប់ទាក់ទង