ប្តីប្រមឹកម្នាក់ ផឹកស៊ីស្រវឹង មកដល់ផ្ទះត្រូវប្រពន្ធស្តីបន្ទោស វាយប្រពន្ធបាក់កស្លាប់ ហើយត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ប្តីប្រមឹកម្នាក់ បានធ្វើសកម្មភាពប្រើអំពើហឹង្សា វាយប្រពន្ធរបស់ខ្លួន រហូតសន្លប់ស្តូកស្តឹង ព្រោះតែទំនាស់ពាក្យសម្តីខឹងប្រពន្ធស្តីបន្ទោសរឿងបុរសជាប្តីដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ។ ក្រោយកើតហេតុស្ត្រីជាប្រពន្ធ ត្រូវបានអ្នកភូមិបញ្ជូនទៅសង្គ្រោះហើយបានស្លាប់ នៅមន្ទីរពេទ្យ ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ។ ចំណែកជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ ដែលហេតុការណ៍នេះត្រូវបានកើតឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តីផ្សារកណ្តាល បានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ចក ឆក អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាកម្មករ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ ឈឿន ហៃ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបងជាស្រី្តមេផ្ទះ។ បច្ចុប្បន្ន២នាក់ប្តីប្រពន្ធនេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោក ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ចក ឆក ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើអំពើ ហឹង្សាវាយដំប្រពន្ធរបស់ខ្លួន រហូតដល់សន្លប់បាត់ស្មារតី ក្រោយមកស្ត្រីរងគ្រោះត្រូវបានអ្នកស្រុកប្រជាការពារ និងកម្លាំងនគរបាល ចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះ តែអកុសល់ស្ត្រីរងគ្រោះ ក៏ដាច់ខ្យល់នៅមន្ទីរពេទ្យ។
លោក បានបន្តថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ បានសារភាពថា មុខពេលកើតហេតុ រូបគេនឹងអ្នកជិតខាងបានផឹកស្រាជាមួយគ្នាតាំងពីព្រឹក លុះស្រវឹងក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់មកឮប្រពន្ធស្តីបន្ទោស និងបានជេរកូន ពេលនេះ ជនសង្ស័យគិតថាប្រពន្ធជេរឌឺខ្លួន ក៏បានចូលទៅក្នុងផ្ទះ និងបានទាត់ប្រពន្ធ ពេលកំពុងបំបៅដោះកូន ចំនួន៣ជើង និងទះ១កំផ្លៀងកណ្តាលមុខ បណ្តាលឲ្យប្រពន្ធដួលសន្លប់ និងបានទៅបិទទ្វាមិនឲ្យនរណាចេញចូល ហើយបានកោសខ្យល់និងធ្វើចលនាឲ្យប្រពន្ធដឹងខ្លួនវិញ ដោយមិនឃើញប្រពន្ធងើបវិញ ក៏រត់ទៅហៅអ្នកស្រុកមកជួយ និងបញ្ជូនទៅមន្ទីរពេទ្យ។ ឲ្យដឹងតែស្រវឹងម្តងៗ ជនដៃដល់ តែងតែ មានទំនាស់ពាក្យសម្តីនិងវាយដំលើប្រពន្ធកូនជាញឹកញាប់ លើកចុងក្រោយនេះ បែបជ្រុលដៃ ទើបបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕