ជនបរទេសដែលបានអាក្រាតកាយ នៅមាត់ឆ្នេរសមុទ្រអូរឈើទាល កើតឡើងតាំងពីអំឡុងឆ្នាំ ២០០៦
ព្រះសីហនុ៖ ក្នុងករណីចាប់ជនបរទេស ដែលបានអាក្រាតកាយនៅមាត់ឆ្នេរសមុទ្រអូរឈើទាល ខេត្តព្រះសីហនុ ដែលបានទើបតែបង្កការភាពភ្ញាក់ផ្អើល តាមសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ ២០០៦ ហើយត្រូវបានសារព័ត៌មានជាភាសាអង់គ្លេស ឈ្មោះថា Cambodia Expats Online នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ យមកផ្សាយម្តង និង Troll Cambodia 2017 យកមកផុស កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ ម្តងទៀត។
ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀត បានឲ្យដឹងថា កាលនោះជនបរទេសនេះ គឺមានសភាពស្រវឹងជោកជាំខ្លាំង បាត់បង់ស្មារតីម្ចាស់ការ គ្រប់គ្រងខ្លួងឯង និងបានដើរស្រាតបង្កការអុកឡុក តាមអាហារដ្ឋានតាមឆ្នេរអូរឈើទាល និងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរណ៍ដទៃទៀត ជាហេតុនាំឲ្យប្រជាពលរដ្ឋ ជាអាជីវករ និងអ្នករត់ម៉ូតូឌុប ដែលនៅជិតនោះ ចាប់ចងប្រគល់ឲ្យនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌមិត្តភាព ដែលបច្ចុប្បន្ននេះជាក្រុងព្រះសីហនុ នាំខ្លួនយកមកអប់រំណែនាំរួចរាល់ហើយ ហើយចាប់តាំងពីពេលនោះមក សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការណែនាំរឹតបន្តឹង ភាពប្រាស្រ័យទាក់ទងរវាងកងកម្លាំងប្រដាប់អាវុធ និង ភ្ញៀវជាតិនិងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណា ដែលបង្កអសន្តិសុខសង្គម និង បង្កឲ្យបំផ្លាញដល់វប្បធម៌ប្រទេសជាតិយើង។
សូមបញ្ជាក់ ៖ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងក្នុងមាត្រាទី២៤៩ ពីបទបង្ហាញកេរ្តិ៍
ភេទជាសាធារណៈ អាចមើលឃើញត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី៦ថ្ងៃទៅ៣ខែ និងពិន័យ ជាប្រាក់ពី១០០០០០រៀល និង៥០០០០០រៀល។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបងប្អូនពូមីងប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយមេត្តាចូលរួមគ្នា ក្នុងន័យជាខ្មែរដូចគ្នា ទាំងក្នុងបណ្តាញសង្គមនានា ទាំងក្រៅបណ្តាញសង្គម ចូលរួមសហការផ្តល់ព័ត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ និងប្រទេសជាតិយើង ៕