ដាក់ជើងខ្លាំងមកធ្វើឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសចិន ប្រចាំប្រទេសកម្ពុជា ឯកឧត្ដមWang Wenbin
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១១យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ និងបានថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅបន្ទប់ VIP របស់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ប៉ុន្តែមិនផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននោះទេ។
សូមបញ្ជាក់ថា៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានតែងតាំងឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ដែលជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។
ឯកឧត្តមជាអ្នកនាំពាក្យទី៣២នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ ២០២០រហូតដល់ខែឧសភា ឆ្នាំ ២០២៤។
ឯកឧត្តម Wang Wenbin មានអាយុ៥៣ឆ្នាំ ឯកឧត្តម បានបំពេញការងារជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយក្នុងវិស័យរៀបចំផែនការនិងកិច្ចការនយោបាយនៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។
ការតែងតាំងឯកឧត្តម Wang Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុតមិនធ្លាប់មានរបស់រដ្ឋាភិបាលចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕