ដេប៉ូប្រេងឥន្ទនៈមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញភាពមិនប្រក្រតី ជាលើកទីពីរ
ភ្នំពេញ ៖ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំយក រថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ដោយមានការសម្របសម្រួលពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូចំនួន ៣ទីតាំង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទុស្សន៍អុកតាន របស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់ របស់បណ្តាស្ថានីយ/ដេប៉ូទាំង៣ ផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា ស្ថានីយ/ដេប៉ូ៖
-១ ទីតាំង មានអនុលោមភាពផ្នែកបរិមាណ ប៉ុន្តែមិនមានអនុលោមភាពផ្នែកគុណភាព។
-២ ទីតាំងទៀត (ស្ថានីយ សូគីម៉ិច ង៉ែត សារីម) បានកែតម្រូវអោយមានអនុលោមភាព ទាំងផ្នែកគុណភាព និងផ្នែកបរិមាណ។
-៣ ទីតាំង (ដេប៉ូតេលាអ័រគីដេ ៩៩៩៩) នៅតែមិនមានអនុលោមភាពផ្នែកបរិមាណដដែល ហើយបានកសាងឯកសារបញ្ជូនទៅតុលាការ។
ចំពោះតម្លៃលក់រាយស្ថានីយ/ដេប៉ូទាំង ៣ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត : ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលម្អៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះនឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕