ការអុំទូកសាកល្បង រដ្ឋបាលរាជធានីធ្វើឡើង ដើម្បីត្រៀមចូលរួម ប្រកួតការប្រណាំង នៅថ្ងៃបុណ្យអុំទូក ២១ដល់២៣ខាងមុខនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីអុំទូកសាកល្បង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ដោយមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ។
ការអុំទូកសាកល្បង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ដើម្បីត្រៀមចូលរួម ប្រកួតជាផ្លូវការ ដែលនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក្រ និងសំពះព្រះ នឹងឈានចូលមកដល់ ហើយការប្រកួត របស់ក្រុមកីឡាករទូក ង រាជធានីភ្នំពេញនេះផងដែរ គឺជាការហ្វឹកហាត់មួយផងដែរ សម្រាប់ត្រៀមកម្លាំង ដើម្បីប្រកួតប្រជែងយកជ័យជម្នះ ។ ក្នុងនោះដែរ ទូក «ង» របស់សាលារាជធានីភ្នំពេញ មានចំនួន៤៦ទូក ស្មើ២៣គូ ។
គួររំលឹកថា ពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក ង ចូលរួមប្រកួត ចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧ មានទូកង ត្រឹមតែ២៧០ទូក និងមានកីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបវិញមានចំនួន១៥ លើសពីឆ្នាំមុន ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ រំពឹងទុកថា នឹងមានប្រជាពលរដ្ឋចូលរួម ប្រមាណ៣លាននាក់។
ជាងនេះទៅទៀត អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមដាក់ពង្រាយធុងសំរាម ចំនួន ១៦៧១ធុង តាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន៨៣៥នាក់ ។ អាជ្ញាធរ ក៏សំណូមពរ ពលរដ្ឋចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ទៅតាមកន្លែងដែលរៀបចំជូន។
បើតាមសៀវភៅជ័យវ័រ្មនទី៧ មាននៅក្នុងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យពីដើមបានចែងថា ក្នុងសម័យអង្គរ សតវត្សរ៍ទី១២ កម្ពុជាមានសេចក្ដីសុខរក្សមក្សាន្ដរុងរឿង ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយ កងទ័ពទូកជាច្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីខ្មាំងសត្រូវ នៅគ.ស ១១៧៧-១១៨១។ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមាន ព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ៕