រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាប់ទូតអាមេរិកថា កម្ពុជាមិនអនុញ្ញាត ឲ្យមានវត្តមានទ័ពបរទេស នៅលើដីខ្លួន
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា “នៅរសៀលថ្ងៃនេះ ខ្ញុំបានទទួលជួប ឯកឧត្តម William A. Heidt, ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ ខ្ញុំក៏បានរៀបចំអាហារ ពេលល្ងាចសម្រាប់គាត់ ហើយយើងបានពិភាក្សាគ្នាលើប្រធានបទផ្សេងៗ “។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបា្រប់ភាគីអាមេរិកថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមាន កងទ័ពបរទេស នៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាត ឲ្យកងទ័ពកម្ពុជា នៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
បន្ទាប់បញ្ចប់កិច្ចប្រជុំ លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងកិច្ចពិភាក្សានោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មី ពាក់ព័ន្ធការចុះផ្សាយព័ត៌មានបរទេស ដែលចោទកម្ពុជា ផ្តល់មូលដ្ឋានឲ្យកងទ័ពបរទេស។ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី បានលើកយកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីជំហររបស់កម្ពុជាលើបញ្ហានេះជូនលោក William Heidt ផងដែរ។
លោក កេត សុផាន់ បានបញ្ជាក់ថា “ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរ ព្រោះថ្មីៗនេះមានព័ត៌មាន ចុះផ្សាយពីមូលដ្ឋាន យោធានៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរ ពីប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី គឺកម្ពុជាអនុវត្តន៍យ៉ាងម៉ឹងម៉ាត់ តាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស ឬមួយបញ្ជូនយោធា របស់ខ្លួន ទៅបរទេសទេ។ លើកលែងតែ ក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ”។
ក្នុងជំនួបជម្រាបលានៅរសៀលថ្ងៃនេះ លោក William Heidt បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលតែងផ្តល់ការស្វាគមន៍ និងបើកចំហរជួបពិភាក្សាជាមួយលោក និងជួយសម្របសម្រួល ឲ្យបេសកកម្មការងារ របស់លោក នៅកម្ពុជាទទួលបានជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងរបស់លោក William Heidt ដែលបានប្រឹងប្រែង ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើបញ្ហាសេដ្ឋកិច្ច ការជំរុញឲ្យមានប្រព័ន្ធអនុគ្រោះពន្ធទំនិញ ចូលទៅអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានអរគុណអាមេរិក ដែលបានផ្តល់ជំនួយ ក្នុងការបោសសំអាតមីននៅកម្ពុជា។ នៅក្នុងជំនួបនោះភាគីទាំងពីរ ក៏បានពិភាក្សាលើការបញ្ជូន ជនអន្តោប្រវេសន៍ របស់កម្ពុជា កំពុងរស់នៅលើទឹកដីអាមេរិក ឲ្យត្រឡប់មកកម្ពុជាវិញ។
ភាគីទាំងពីរក៏បានបង្ហាញ ជំហពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន៕