គណៈកម្មការអប់រំ នៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ
ភ្នំពេញ៖ កិច្ចប្រជុំរវាងគណៈកម្មការទី៧នៃរដ្ឋសភា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំឡើងដើម្បីធ្វើកិច្ចពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា នារសៀលថ្ងៃចន្ទ ទី១៩ខែវិច្ឆិកា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។ ក្នុងឱកាសនោះ ក៏មានការចោទសំណួរ និងផ្ដល់ចម្លើយ ដោយសមាជិករដ្ឋសភា និងឯកឧត្តមរដ្ឋមន្ត្រីផងដែរ។
ជំនួបពិភាក្សា បានទទួលស្គាល់និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ក្រសួងអប់រំ ដែលធ្វើឲ្យមានវឌ្ឍនភាពជាច្រើនក្នុងវិស័យអប់រំ នាពេលកន្លងមកដែលមានការកែទម្រង់ជាលក្ខណៈប្រព័ន្ធ តាមរយៈការរៀបចំកម្មសិក្សាថ្មី កំណែទម្រង់ការប្រឡងគ្រប់កម្រិត ជាពិសេសការប្រឡងមធ្យមសិក្សាទុតិយភូមិ ការរៀបចំការបណ្តុះបណ្តាល ការរៀបចំគន្លងអាជីពរបស់គ្រូបង្រៀន និងគំនិតផ្តួចផ្តើមសាលាជំនាន់ថ្មី ជាដើម។
កិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈកម្មការជំនាញរដ្ឋសភា ដែលទទួលបន្ទុកវិស័យអប់រំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចជា ទី១ យុទ្ធសាស្រ្តកែទម្រង់ការគ្រប់គ្រងវិស័យអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដែលមានយុទ្ធសាស្រ្តគោល ៤ចំណុច គឺ កំណែទម្រង់ការគ្រប់គ្រង ការសិក្សា កំណែទម្រង់ការគ្រប់ គ្រងរដ្ឋបាល។ ទី២ កំណែទម្រង់ការអភិវឌ្ឍយុវជន ដែលផ្តល់ឱកាសឲ្យយុវជនទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងលើកទឹកចិត្តដល់យុវជនឲ្យមានគំនិតច្នៃប្រឌិតលើជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងទស្សនាទានរបស់រាជរដ្ឋាភិបាល “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ ទី៣ យុទ្ធសាស្រ្តកំណែទម្រង់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមរយៈការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ អភិវឌ្ឍកីឡាសម្រាប់ទំាងអស់គ្នា អភិរក្សនិងអភិវឌ្ឍកីឡាគ្រប់ប្រភេទ និងអភិវឌ្ឍឧស្សាហកម្មកីឡា។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការរៀបចំគោលនយោបាយ គ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលគឺជាកត្តាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺលទ្ធផលជាផ្លែផ្កា នៃការអនុវត្តគោលនយោបាយនោះ ធ្វើយ៉ាងណាដើម្បីបំពេញសេចក្តីត្រូវការ ក្តីសង្ឃឹម និងភាពជឿជាក់ដល់ម្ចាស់ឆ្នោត ដែលបានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោត ជូនរាជរដ្ឋាភិបាលដឹកនាំប្រទេសជាតិបន្តទៀត។
ជំនួបពិភាក្សាការងារ រវាងគណៈកម្មការជំនាញរដ្ឋសភា និងក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ ត្រូវបានចាត់ទុកថា ជាវេទិកាសន្ទនា ដ៏មានប្រសិទ្ធភាពមួយ ក្នុងការសហការ កែលម្អ និងជំរុញការអនុវត្តការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញ សេចក្តីត្រូវការរបស់ម្ចាស់ឆ្នោត ជាពិសេសយុវជន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ មាតា បិតា អាពាព្យាបាលសិស្ស ក៏ដូចជាសង្គមជាតិទំាងមូល៕