ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រៃកោងកាង ​ក្នុងខេត្តចំនួន៤ កំពុងរងការរំលោភ​ធ្វើជាកម្មសិទ្ធិ និងសាងសង់លំនៅឋាន

61


ភ្នំពេញ ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចេញបទបញ្ជាដល់ អភិបាលនៃគណៈអភិបាលខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ដោយជំរុញការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង ក្នុងភូមិសាស្រ្តខេត្តទាំង៤នោះ កំពុងមានការឈូសឆាយ ការកាប់ទន្ទ្រាន ការចាប់ដីលុប ការរានយកធ្វើលំនៅឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងចេញប័ណ្ណកម្មសិទ្ធិឡើងវិញ។

ក្នុងលិខិតនោះ លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងថា នៅពេលថ្មីៗនេះ មានការចេញប័ណ្ណកម្មសិទ្ធិកាន់កាន់ព្រៃកោងកាង ក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់ទៅកាន់អភិបាលខេត្តទាំង៤ខាងលើថា “ដើម្បីទប់ស្កាត់នូវសកម្មភាពនៃការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញប័ណ្ណកម្មសិទ្ធិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត យកចិត្តទុកដាក់គ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង ដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្តនីមួយៗ ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងដីរដ្ឋ”។

យោងតាមច្បាប់ស្ដីពីជលផល ព្រៃលិចទឹក និងព្រៃកោងកាង មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដូចនេះការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ។ល។ នៅក្នុងដែននេសាទត្រូវបានហាមឃាត់។ ម្យ៉ាងទៀត មាត្រា៣ នៃអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ បានបញ្ញត្តិថា “កន្លែងនេសាទសហគមន៍ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ”៕​

អត្ថបទដែលជាប់ទាក់ទង