ពលការិនីកម្ពុជានៅបរទេស អាចរកប្រាក់ចំណូលបន្ថែម ថែមទាំងទាំងទទួលបាន នូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា
ភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករ ទៅបម្រើការងារ នៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ហើយកន្លងមក ពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាព ក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជាង២ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្ស ដ៏សំខាន់ ក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូល បានបន្ថែមទេ ថែមទាំងទាំងទទួលបាន នូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅ ក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD
ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុកភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ ពិសេសការធានាបាននូវលក្ខខណ្ឌការងារ ឱ្យកាន់តែល្អប្រសើរឡើង ជូនដល់បងប្អូនពលការិនីកម្ពុជា ដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ។
លោក អ៊ិត សំហេង បានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរ ដោយខ្លួនឯង។
ជាក់ស្តែង ដើម្បីឱ្យការបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានជោគជ័យ សម្រាប់ដំណាក់កាលសាកល្បងដំបូង នៅឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សកម្ពុជានៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាគាំពារ និងសេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និងផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជាទៅដល់និយោជកហុងកុង។ សព្វថ្ងៃនៅទីក្រុងហុងកុងមានពលករបរទេសបម្រើការងារផ្ទះ មានចំនួនប្រហែល ៣៥៧.០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូណេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករហុងកុងដែរ ដោយរួមមាន៖
ការឈប់សម្រាកប្រចាំសប្តាហ៍ ការឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួល ចំនួន៧ ថ្ងៃ ទៅ១៤ថ្ងៃ ក្នុង១ឆ្នាំ ការឈប់សម្រាកលំហែមាតុភាព ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ ផ្តល់បន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ។
រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឲ្យមាននូវកិច្ចសន្យាការងារស្តង់ដារ សម្រាប់គាំពារបន្ថែមជូនដល់ ពលករបរទេសបម្រើ ការងារតាមផ្ទះ រួមមានប្រាក់បៀវត្សរ៍ទាបបំផុតត្រឹម ប្រមាណ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន ១៣៣ដុល្លារអាមេរិក ក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។ល៕