ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងស្នេហាប្លែកៗ ប្រពន្ធសុំប្ដីឱ្យសហាយមករស់នៅជាមួយ ហើយលួចទៅរួមរ័កជាមួយសហាយ នៅពេលប្ដីដេកលក់

151


ភ្នំពេញ៖ ស្ត្រីម្នាក់អាយុជិត៤០ឆ្នាំ មានប្តី មានកូន ដោយមិនបានរៀបការ បានលួចទាក់ទងជាមួយប្រុសសហាយម្នាក់ទៀត តាមបណ្តាញសង្គមហ្វេសប៊ុក រហូតឈានដល់រួមរ័កជាមួយច្រើនលើកមកហើយ ហើយបានទៅសុំប្តី ដើម្បីអនុញ្ញាតឲ្យប្រុសសហាយមករស់នៅក្នុងផ្ទះជាមួយទៀត។

ករណីនេះ ប្តីក៏បានអនុញ្ញាតឲ្យប្រុសសហាយ មករស់នៅជាមួយគ្នា ដោយគ្រាន់តែផ្ទះផ្សេងគ្នា ក្នុងដីឡូត៍តែមួយ ។ ការអនុញ្ញាតនេះ ដោយចាញ់គំរាមរបស់ប្រពន្ធ ថាបើប្តីបើមិនព្រមឱ្យសហាយ មករស់នៅជាមួយ ប្រពន្ធនឹងរត់ចោលប្តីនិងកូនតូចៗ៣នាក់ ទៅតាមសហាយ។

ប៉ុន្តែកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈពេលប្តីកំពុងដេកលង់លក់ បែរជាប្រពន្ធលបលួចឡើងលួចទៅដេកឱបសហាយ ធ្វើឱ្យប្តីក្តៅចិត្ត ប្តឹងសមត្ថកិច្ចចាប់ទាំងយប់។

ប្តីមានឈ្មោះ នី សាវឿន អាយុ៣៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកប្រពន្ធមានឈ្មោះ ទឹម សុណារ៉ា អាយុ ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិជាមួយគ្នា មានស្រុកកំណើត នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានកូនចំនួន៣នាក់ ស្រី២ប្រុស១ កូនស្រីច្បងអាយុ១៥ ឆ្នាំ និងកូនពៅស្រី១១ឆ្នាំ ។ រីឯបុរសជាសហាយ ជាបុរសពោះម៉ាយ មានឈ្មោះ ហ៊ាប គូក អាយុ៣៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្តីចិត្តធម៌ បាននិយាយប្រាប់ថា គាត់មានប្រពន្ធ២លើកមកហើយ លើកទី១ គាត់បានរៀបការត្រឹមត្រូវ តែមិនទាន់បានផ្សំដំណេកផង នារីជាប្រពន្ធនោះ បានរត់ទៅនៅជាមួយប្រុសផ្សេងបាត់ ។ លុះបានប្រពន្ធក្រោយ ដែលលួចផិតក្បត់នេះ មិនបានរៀបការត្រឹមត្រូវទេ ប៉ុន្តែបានទំនាក់ទំនង ស្រឡាញ់គ្នា១៦ឆ្នាំហើយ បង្កើតបានកូន៣នាក់ ព្រមទាំងបានចុះអេតាស៊ីវិល ជាមួយគ្នា ជាប្តីប្រពន្ធស្របច្បាប់ តែប្រពន្ធហែកអេតាស៊ីវិលចោល ។

ជាមួយនឹងហេតុការណ៍នេះ នៅមុនពេលកើតហេតុ ប្រមាណជាង២ខែមុន ប្រពន្ធបាននិយាយរឿងប្រាប់ប្តី ថា រូបគាត់មានទំនាក់ទំនង ស្នេហាជាមួយបុរសជាសហាយតាមបណ្តាញសង្គមហ្វេសប៊ុក បានសុំឱ្យសហាយមករស់នៅជាមួយ តែប្តីមិនព្រម លុះក្រោយមកប្រពន្ធគាត់នៅតែអង្វរក ច្រើនដងពេក ហើយថែមទាំងប្រាប់ថា បានទំនាក់ទំនងគ្នារហូតឈានដល់រួមរ័កជាមួយគ្នាជាច្រើនលើកមកហើយ។ ប្រពន្ធបានអង្វរប្តីសុំឱ្យសហាយ មករស់នៅជាមួយ ក្នុងទំនាក់ទំនងជាបងប្អូនទេ ដោយសុំឱ្យសហាយ រស់នៅខាងមុខផ្ទះ ព្រោះបុរសជាសហាយ បាក់ចិត្តស្រឡាញ់ពេក បើមិនឱ្យសហាយមករស់នៅជាមួយទេ ប្រពន្ធនឹងរត់ទៅរស់នៅជាមួយសហាយហើយ ទើបគាត់ជាប្តី បានឱ្យមករស់នៅជាមួយបាន២ថ្ងៃ២យប់ ហើយគាត់តែងតែលួចឃ្លាំមើល រហូតយប់កើតហេតុ ប្រពន្ធរបស់គាត់ មិនទៅដេកជាមួយគាត់ទេ បែរជាទៅដេកឱបជាមួយសហាយទៅវិញ រហូតធ្វើឱ្យគាត់ ផ្ទុះភ្លើងកំហឹង ចាក់សោផ្ទះ រួចហើយបាន ទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ឃាត់ប្រពន្ធ និងប្រុសសហាយ យកទៅសាកសួរភ្លាមៗ ។ ប្តី បានដាក់ពាក្យបណ្តឹង ទាមទារសំណងពី ប្រពន្ធ និងប្រុសជាសហាយចំនួន ៣ម៉ឺនដុល្លារ ដើម្បីសងជំងឺផ្លូវចិត្ត ។ ដោយសារតែបុរសជាប្តី នៅតែស្រឡាញ់ប្រពន្ធ ទោះបីជាដឹងថាប្រពន្ធ លួចមានសហាយក៏ដោយ ក៏នៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា បានសម្រេចចិត្តដកពាក្យបណ្ដឹងវិញ គ្រាន់តែឲ្យបុរសជាសាហាយ បែកចេញពីគ្រួសាររបស់គាត់ ព្រមទាំងឲ្យប្រពន្ធរបស់គាត់ ធ្វើកិច្ចសន្យាចំពោះមុខ សមត្ថកិច្ច ជួយដឹងឮនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឈប់ទាក់ទងជាមួយប្រុសសហាយនោះទៀត៕

អត្ថបទដែលជាប់ទាក់ទង