ស្នើឲ្យរករូបមន្តមួយសមស្រប ដើម្បីបញ្ចុះថ្លៃទឹក ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ទឹក តាមតំបន់គោលដៅ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់ដំណោះស្រាយជាក់ស្តែងមួយចំនួន ដូចជា ត្រូវពង្រឹងត្រួតពិនិត្យ តាមរយៈការចុះអធិការកិច្ច ដល់ទីតាំងប្រតិបត្តិករទឹកស្អាតដើម្បីឲ្យប្រាកដថា ប្រតិបត្តិករទឹកស្អាតទាំងអស់ អនុវត្តបានត្រឹមត្រូវ និងស្វែងរកដៃគូរ និងប្រភពជំនួយ ការគណនា និងរករូបមន្តមួយសមស្របដើម្បីបញ្ចុះថ្លៃទឹក ក្នុងកម្រិតណាមួយ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹក តាមតំបន់គោលដៅ ការគិតគូពិនិត្យលទ្ធភាពការកាត់បន្ថយពន្ធខ្លះ លើវិស័យផលិតទឹកស្អាត ។
នៅរសៀលថ្ងៃចន្ទទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកកិច្ចប្រជុំស្តីពីបញ្ហាផលិតទឹកស្អាត ជាមួយសមាគមផលិតទឹកស្អាតកម្ពុជា (CWA) ដែលមានលោក ឧកញ៉ា អ៊ុន យុទ្ធី ជាប្រធានសមាគម ។
លោកយា ប៊ុនណា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរាយការណ៍ពីខាងសមាគមផលិតទឹកស្អាតកម្ពុជា ស្តីពីតួនាទី ភារកិច្ច ទិសដៅ ក៏ដូចជាលទ្ធផល និងភាពប្រឈមជួន អង្គប្រជុំ ដោយបានបន្តពិភាក្សា និងផ្តល់ធាតុចូលជាច្រើន។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើការសរុបសេចក្តី និងផ្តល់ដំណោះស្រាយ ជាក់ស្តែងមួយចំនួន គឺមានដូចជា ត្រូវពង្រឹងត្រួតពិនិត្យ តាមរយៈការចុះអធិការកិច្ច ដល់ទីតាំងប្រតិបត្តិករទឹកស្អាតដើម្បីឲ្យប្រាកដថា ប្រតិបត្តិករទឹកស្អាតទាំងអស់ អនុវត្តបានត្រឹមត្រូវដែរឬទេ ? តាមកិច្ចសន្យារបស់ខ្លួន បន្ទាប់ពីទទួលអាជ្ញាប័ណ្ណពីក្រសួង ការពិចារណាគិតគូរ ក្នុងការស្វែងរកដៃគូរ និងប្រភពជំនួយ-ការគណនា និងរករូបមន្តមួយសម ស្របដើម្បីបញ្ចុះថ្លៃទឹក ក្នុងកម្រិតណាមួយ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹក តាមតំបន់គោលដៅ ការគិតគូពិនិត្យលទ្ធភាពការកាត់បន្ថយពន្ធខ្លះ លើវិស័យផលិតទឹកស្អាត ដែលជាការលើកឡើង របស់សមាគមអ្នកផលិតទឹកស្អាតនៅកម្ពុជា-ការកៀរគរ និងឲ្យមានការស្វែងយល់ពីអត្ថប្រយោជន៍ នៃការចូលជាសមាជិកសមាគម អ្នកផលិតទឹកស្អាត ពីសំណាក់់ប្រតិបត្តិករផលិតទឹកស្អាត ទាំងអស់ និងការទទួលបានកម្ចីហិរញប្បទាន សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជាជាដើម ។ នៅក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានសម្តែងនូវការកោត សរសើរ ចំពោះសមាគមផលិតទឹកស្អាតនៅកម្ពុជា នូវកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបាន នាពេលកន្លងមករបស់ខ្លួន និងស្នើឲ្យមានកិច្ចសហការកាន់តែ ប្រសើរឡើង រវាងអគ្គនាយកដា្ឋនទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយសមាគមផលិតទឹកស្អាតនៅកម្ពុជា ដើម្បីឈានទៅសម្រេចលទ្ធផលជោគជ័យ តាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពី វិស័យទឹកស្អាត ជាពិសេសគឺគោលដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខ ដែលបានកំណត់នូវអភិក្រម ៤ យ៉ាងលើវិស័យទឹកស្អាត គឺ៖ ទឹកមានគុណភាព- សុវត្ថិភាព-និរន្តរភាព និងតម្លៃសមរម្យ ៕