នៅថ្ងៃនេះគ្រឿងចក្រទាំងអស់ មកកាន់ការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” ត្រៀមបើកការដ្ឋាន
ភ្នំពេញ៖នៅថ្ងៃ២៥កក្ដដានេះគ្រឿងចក្រទាំងអស់ និងគ្រឿងចក្ររាប់ពាន់គ្រឿងចក្រទៀត នឹងដឹកមកកាន់ការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” នឹងតៀមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គ្រឿងចក្រខាងលើនេះដើម្បីចូលសមរភូមិប្រយុទ្ធជីកផ្លូវនាវាចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា “ព្រែកជីកហ្វូណនតេជោ”។
ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។
ព្រែកជីកនេះជាផ្លូវទឹកទីមួយប្រវត្តិសាស្ត្រនេះ ចាប់ផ្តើមជីកពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែលព្រែកជីកនេះទំហំមាត់លើ១០០ម៉ែត្របាតក្រោម៨០ម៉ែត្រជម្រៅ៥ម៉ែត្រ៤។
ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដោយសាងសង់ស្ពានចំនួន ១១កន្លែង៕