ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសលោក ញ៉ែម សារី ចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង

55

ស្វាយរៀង៖ឯកឧត្ដមអ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ញ៉ែម សារី ជាអភិបាលរងខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងប្រតិភូក្រសួងមហាផ្ទៃព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជាង ២៦៨នាក់។

គួរបញ្ជាក់ថា យោងអនុក្រឹត្យលេខ៦៣៤ អនក្រ.តត ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំងលោក ញ៉ែម សារី ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងខេត្តស្ទឹងត្រែង ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងពិធីនោះឯកឧត្ដមអភិបាលខេត្ត ស្វាយរៀងបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅថ្ងៃនេះ និងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន នាពេល ៦ខែកន្លងមកនេះ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការវិនិយោគឯកជន និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តស្វាយរៀងជាដើម។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួល ខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន។

ក្នុងឱកាសនោះផងដែរឯកឧត្ដមអ៊ុត សំអនរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តទៅតាមតួនាទីភារកិច្ចដែលបានកំណត់ ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនជាដើម ឲ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង