ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន ផ្ដល់ពូជជ្រូក ជូនដល់ជនជាតិចំនួន ៥៤ក្បាល ​ជូនសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងខេត្ដមណ្ឌលគិរី

102


ភ្នំពេញ- សហគមន៍តំបន់ការពារធម្មជាតិ (CPA) នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានទទួលពូជ ជ្រូកជនជាតិ ឬជ្រូកកណ្ដុរចំនួន៥៤ក្បាល និងសត្វមាន់ដល់ប្រជាសហគមន៍១១គ្រួសារ ចំនួន១១០ក្បាល ព្រមទាំងសម្ភារកសិកម្មពីគម្រោងរបស់អគ្គនាយកដ្ឋានសហ គមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដើម្បីជួយលើកស្ទួយប្រាក់ចំណូលប្រចាំថ្ងៃ និងកម្រិតជីវ ភាពរស់នៅ របស់ប្រជាសហគមន៍ ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងចិញ្ចឹមជ្រូកជនជាតិ ឬជ្រូកកណ្ដុរ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីផ្ដល់ជូនដល់ប្រជាសហគមន៍យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងប្រពៃណី សំដៅ ជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបានបន្ដថា ការផ្ដល់ជូនពូជជ្រូក មាន់ និងសម្ភារកសិកម្មនេះ គឺជាការឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ ហើយ ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏បានរៀបចំវគ្គបណ្ដុះ​បណ្ដាល ទៅលើបច្ចេកទេសចិញ្ចឹមស្ដីពីផលិតកម្មជ្រូកផងដែរ។

លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា តាងនាមគណៈអភិបាលខេត្តមណ្ឌលគិរី សូមសម្ដែងនូវក្ដីរីករាយចំពោះគម្រោងចិញ្ចឹម និងការ ផ្ដល់ពូជជ្រូកជនជាតិ និងមាន់ ដើម្បីឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែន ជម្រកសត្វព្រៃភ្នំណាមលៀរ យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងដើម្បីបង្កើនប្រាក់​ចំណូល។ លោកអភិបាលរងខេត្ដបានជំរុញឱ្យប្រជាសហគមន៍ដែលទទួលបាន​ពូជជ្រូកជន ជាតិ និងមាន់នាថ្ងៃនេះ ត្រូវខិតខំថែរក្សាជ្រូកតាមការណែនាំ និងបច្ចេកទេសឱ្យ​បានល្អ។ លោកក៏បានណែនាំដល់ប្រជាសហគមន៍ត្រូវចូលរួមថែរក្សា អភិរក្សធនធាន​ធម្មជាតិ វប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីទាក់ទាញវិស័យទេស​ចរណ៍ដ៏មាន សក្ដានុពលនៅក្នុងខេត្តមណ្ឌលគិរីនេះ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋាននៃក្រសួងបរិស្ថាន​បានលើកឡើងផងដែរថា អគ្គនាយកដ្ឋានមូលដ្ឋាន បានអនុវត្តន៍ គម្រោងលើកកម្ពស់​ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូល និង ពង្រីកមុខរបរប្រជាសហគមន៍តំបន់​ការពារធម្មជាតិ សំដៅកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ ធនធានធម្មជាតិ និងចូលរួមចំណែកក្នុងការអភិរក្សជីវៈចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង