ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយ សមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិច បង្រៀនគ្រូពេទ្យកម្ពុជាលើជំនាញវះកាត់ចោះជំងឺរោគស្ដ្រី

27

ភ្នំពេញ៖មន្ទីរពេទ្យកាល់ម៉ែត និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិច បានបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី» ដើម្បីបង្រៀនគ្រូពេទ្យកម្ពុជា លើជំនាញវះកាត់ចោះជំងឺរោគស្ដ្រី ដែលធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៤តទៅ។

សន្និសីទអន្តរជាតិ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីលោកស្រី សាស្រ្តាចារ្យ យីង ជី វ៉ង (Ying-Chi Wang) តំណាងសមាគមវះកាត់រោគស្រី្តអង់ដូស្កុបពី អាស៊ីប៉ាស៊ីហ្វិច, លោកសាស្រ្តាចារ្យ ថិចទី កន វ៉ានីច កុល (Thiti korn Wanich kul) ជំនាញវះកាត់រោគស្រី្តអង់ដូស្កុបពី និងការបង្កកំណើត មកពីទីក្រុងបាងកក ប្រទេសថៃ, លោកសាស្រ្តាចារ្យ វីប៊ូន កាមូល ផលវិចិត្រ (Wiboon Kamolpornwijit) អនុប្រធានសមាគមគ្រូពេទ្យវះកាត់ចោះរោគស្រី្តប្រទេសថៃ, លោកសាស្រ្តាចារ្យ ណាតាវាត អនឡាម៉ូត (Nattawat Onlamoon) ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តវេជ្ជសាស្រ្តព្យាបាលអីមុយណូឡូហ្សី និងផ្សាំកោសិកា នៃមនី្ទរពេទ្យសិរីរ៉ាត នៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល។

លោកសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថា ការវះកាត់ដោយចោះនេះ កំពុងតែត្រូវបានអនុវត្ដន៍នៅក្នុងប្រទេសជឿលឿននៅលើសកលលោក ព្រោះការវះកាត់ដោយចោះនេះ វាធ្វើឱ្យមានស្នាមនៅលើស្បែកតូចបំផុត មានរុនពីរ ឬបី ប៉ុណ្ណោះ ហើយចំណុចសំខាន់មួយទៀត គឺឆាប់ជាសះស្បើយ អាចត្រលប់ទៅផ្ទះវិញ អ្នកជំងឺអាចសម្រាកពេទ្យតែ១ ឬ២ថ្ងៃប៉ុណ្ណោះ។ ជាងនេះទៅទៀត ការវះកាត់ដោយចោះ បានកាត់បន្ថយផលវិបាកជាច្រើន ដែលកើតឡើងដោយការវះកាត់បើកពោះធំ។

លោកសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងទៀតថា «សិក្ខាសាលានេះ គឺបង្រៀនដល់គ្រូពេទ្យយើងឱ្យចេះធ្វើតែម្ដង ព្រោះវះកាត់បង្ហាញនេះ ធ្វើមានរយៈពេល៥ថ្ងៃ ដោយមានការចូលរួមដឹកដោះដៃក្រុមគ្រូពេទ្យយើង ជាមួយនឹងអ្នកជំនាញ ដែលអញ្ជើញមកពីប្រទេសថៃ ចិន ឥណ្ឌា និងប្រទេសជប៉ុន មន្ទីរពេទ្យយើងមានការបង្រៀនដោយស៊ីជម្រៅ មិនត្រឹមតែទ្រីស្ដីទេ គឺបង្រៀនដោយអនុវត្ដន៍ផ្ទាល់តែម្ដង។ ខណៈដែលក្រុមគ្រូពេទ្យមន្ទីរពេទ្យយើង សុទ្ធតែជាអ្នកធ្លាប់ធ្វើការវះកាត់ដោយចោះស្រាប់ និងមានឧបករណ៍សម្ភារៈជឿលឿនថែមទៀតនោះ។ ការបង្ហាត់បង្រៀនពីក្រុមជំនាញ គឺបង្ហាញឱ្យសិក្ខាកាមយើង បានឃើញផ្ទាល់នូវរូបភាពវះកាត់នេះតែម្ដង»

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រី្ត មនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា សន្និសីទនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងដល់វេជ្ជបណ្ឌិតឯកទេសផ្នែក សម្ភព និងរោគស្ត្រីក៏ដូចជាការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សន្និសីទថ្ងៃ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទាំងអស់ក្នុងការអភិវឌ្ឍន៍ជំនាញវះកាត់ចោះ ដោយប្រើបច្ចេកទេស ទាន់ជំនាន់ និងបច្ចុប្បន្នភាពស្របតាមការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ និងអន្តរជាតិ។

លោកវេជ្ជបណ្ឌិត គាន់ អូន «ការវះកាត់ដោយចោះ គឺមានវះនៅផ្នែកពោះ តម្រង់នោមជាដើម។ដោយឡែកសម្រាប់រោគស្ដ្រី គឺបម្រើនូវការវះកាត់ដោយចោះដូចជា ករណីកូនក្រៅស្បូន ដុំដៃស្បូនរលាកដៃស្បូន និងមហារីករបស់ស្ដ្រីថែមទៀតផង ដែលកាលវះកាត់ដោយចោះ នឹងអាចឱ្យអ្នកជំងឺមិនសូវឈឺចាប់ ឆាប់បានត្រលប់ទៅផ្ទះវិញ ដែលចំណាយពេលសម្រាកពេទ្យតែ១ថ្ងៃ ឬយ៉ាងយូរ២ថ្ងៃ ដោយមិនដូចវះកាត់ធម្មតា ដែលចំណាយពេលសម្រាកពេទ្យ ១អាទិត្យ ឬទៅ២អាទិត្យ»

នាឱកាសនោះលោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត ក៏បានវាយតម្លៃខ្ពស់ចំពោះសមាគមវះកាត់រោគស្រី្តអាស៊ីប៉ាស៊ីហ្វិច និងក្រុមការងាររបស់មនី្ទរពេទ្យកាល់ម៉ែត ដែលបានខិតខំសហការគ្នារៀបចំសន្និសីទអន្តរជាតិនាពេលនេះ ដោយមានអ្នកជំនាញចូលរួមមកពីប្រទេសថៃ ឥណ្ឌា ចិន ជប៉ុន រួមទាំងគ្រូពេទ្យអញ្ជើញមកពីបណ្តាមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មនី្ទរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតា និងទារក និងមនី្ទរពេទ្យបង្អែកខេត្ត ដើម្បីលើកកម្ពស់សមត្ថភាពប្រកបវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិតជំនាញរោគស្រី្តឈានទៅលំដាប់ខ្ពស់ថ្មីមួយកម្រិតទៀត។

លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញវះកាត់ចោះរោគស្ត្រីនាពេលនេះ គឺជាការដកស្រង់បទពិសោធន៍ និងរបកគំហើញថ្មីៗក្នុងបច្ចេកទេសវះកាត់ផ្នែករោគស្ត្រី រវាងអ្នកជំនាញមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការលើកកម្ពស់សុខុមាលភាពស្រ្តី។

នេះគឺស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីឈានទៅសម្រេចគោលដៅនៃការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យ មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ ពលរដ្ឋណាម្នាក់» ឬមានន័យថា នៅពេលមានតម្រូវការពលរដ្ឋគ្រប់រូបសុទ្ធ តែត្រូវបានទទួលការគាំពារដោយរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង