ស្អែកនេះហាប់គីដូចេញទៅ ចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ
ភ្នំពេញ៖ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសថៃនាថ្ងៃទី១សីហាស្អែកនេះដើម្បីចូលរួមប្រកួតជើងឯកពិភពលោកនៅទីនោះ។
នេះជាលើកដំបូងហើយដែលកីឡាប្រយុទ្ធមួយនេះចេញទៅចូលរួមប្រកួតជើងឯកពិភពលោកដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២ដល់ទី៤សីហា។
លោក គង់ ចាន់ធីណាគ្រូបង្វឹកកីឡាហាប់គីដូបានឲ្យដឹងថាប្រតិភូកីឡាហាប់គីដូកម្ពុជា ដែលទៅចូលរួមមានចំនួន២៤នាក់លោកគ្រូបន្ថែមថាក្រោយពីសហព័ន្ធត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនមកហើយនេះជាលើកដំបូងដែលសហព័ន្ធបានប្រឹងប្រែងចេញទៅប្រកួតកម្រិតពិភពលោកជាលើកដំបូងដោយសហព័ន្ធបានខិតខំរៃអង្គាសប្រាក់កាសរួមគ្នាឱ្យចេញជារូបរាងឡើងក្នុងការផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីបានចូលរួមប្រកួតអន្តរជាតិបែបនេះ។
ប្រតិភូកីឡាហាប់គីដូកម្ពុជាដែលចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក នៅប្រទេសថៃ មានចំនួនសរុប ២៤នាក់ ដឹកនាំដោយលោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ និងលោកឃីម ណារិទ្ធ ប្រតិភូរង គ្រូបង្វឹក លោក គង់ ចាន់ធីណា អមដោយគ្រូជំនួយ២នាក់ កីឡាករ១១នាក់ និងកីឡាការិនី៨នាក់។
លោកគួចហុងជៀកអនុប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានក្រើនរម្លឹកដល់កីឡាករកីឡាការិនីជម្រើសជាតិហាប់គីដូកម្ពុជាឱ្យប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាពហើយអ្វីដែលសំខាន់បំផុតគឺសុខសុវត្ថិភាពវិន័យក្រមសីលធម៌ដែលត្រូវតែរក្សាឱ្យបានក្នុងការប្រកួតកម្រិតពិភពលោក។
ដោយសារនេះជាការចូលរួមប្រកួតលើកដំបូងបំផុតរបស់ហាប់គីដូកម្ពុជាដូច្នេះហើយលោកអនុប្រធានមិនផ្តោតសំខាន់ថាត្រូវតែដណ្តើមឱ្យបាននូវមេដាយនោះទេបើទោះបីជាចាញ់ក្តី ឬឈ្នះក្តី ក៏យើងត្រូវតែទទួលយកដោយក្តីរីករាយទាំងអស់៕