ក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា នាំចូលឱសថក្លែងក្លាយខុសច្បាប់ជាង៤០តោន
ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានធ្វើសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលរក្សាទុកឱសថខុសច្បាប់ចំនួន ៧៥០០កេស មានទម្ងន់ប្រហែល ៤០តោន។
ករណីបង្ក្រាបឱសថក្លែងក្លាយនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ តែគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទើបធ្វើសន្និសីទបង្ហាញនៅវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែវិច្ឆិកា នេះ នៅក្រសួងមហាផ្ទៃ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានធ្វើការបង្ក្រាបទៅលើក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា ដែលបាននាំចូលរក្សាទុកឱសថខុសច្បាប់ប្រមាណជាង ៤០តោន ហើយសមត្ថកិច្ចបានហៅម្ចាស់ក្រុមហ៊ុនមកសាកសួរ ដើម្បីរកអ្នកពាក់ព័ន្ធជាបន្តទៀត។
បន្ទាប់ពីការបង្ក្រាប គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស នាំចូលរក្សាទុកឱសថខុសច្បាប់ចំនួន ៧.៥០០កេស មានទម្ងន់ប្រមាណជាង ៤០តោន។
លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធ
ប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការបង្ក្រាបឱសថខុសច្បាប់នេះ បានធ្វើឡើងកាលលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមប្រតិបត្តិការបានបង្ក្រាបការនាំចូលផលិតផលឱសថខុសច្បាប់ ១៣៨មុខ ស្មើនឹង១.០៤៦៥ប្រអប់ មានទម្ងន់ជាង៤០តោន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយលោកបានបញ្ជាក់ថា ឱសថទាំងនេះនាំមកពីប្រទេសបារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េ ប៉ាគីស្ថាន បង់ក្លាដេស ជាដើម ហើយការនាំចូលតាមច្រកកំពង់ផែ ដោយការត្រួតពិនិត្យមិនបានដិតដល់ និងមិនបានសុំបញ្ជិការ សុំការអនុញ្ញាតចែកចាយឲ្យប្រើប្រាស់ពីក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកោះហៅម្ចាស់ផលិតកម្មមកសាកសួរ ដើម្បីស្រាវជ្រាវរកប្រភពនាំចូល និងអ្នកណាខ្លះពាក់ព័ន្ធ។ ក្រុមហ៊ុនដែលនាំចូលឱសថខុសច្បាប់នេះ គឺក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា។ សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ គោរពតាមច្បាប់ និងគោរពទៅតាមផលប្រយោជន៍ នៃអ្នកប្រើប្រាស់ ពុំនោះសោត គឺច្បាប់នឹងមិនលើកលែង។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា ដែលនាំចូល រក្សាទុកឱសថខុសច្បាប់ ក្រុមប្រតិបត្តិការពិសេស បានរកឃើញនូវឱសថចំនួន ១៣៨មុខ មានដូចជា ១.ឱសថនាំចូលដោយគ្មានចុះបញ្ជិការ មាន២៤មុខ ស្មើនឹង ២០៤៣ប្រអប់
២.ឱសថគ្មានបរិយាយប័ណ្ណជាភាសាខ្មែរ ១៣៨មុខ ស្មើនឹង ១.០៤៦៥ប្រប់
៣.ឱសថហួសសុពលភាពប្រើប្រាស់ ៣៦មុខ ស្មើនឹង ២.២៩៨ប្រអប់។
តាមលទ្ធផលត្រួតពិនិត្យ ក្រុមការងារពិសេស របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សន្និដ្ឋានបឋមដូចតទៅ ការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ឱសថចំនួន២៤មុខ គ្មានវិញ្ញាបនបត្រចុះបញ្ជិការ។ ឱសថចំនួន៣៦មុខ ផុតសុពលភាពប្រើប្រាស់ និងឱសថចំនួន១៣៨មុខ មិនមានសរសេរលិខិតណែនាំជាភាសាខ្មែរ៕