រថយន្តទេសចរណ៍បើកលឿន បុកពីក្រោយធ្លាក់ប្រពន្ធ ចូលក្រោយឡានកិនស្លាប់
ភ្នំពេញ ៖ រថយន្តក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងបើកក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងពីក្រោយ កំពុងជិះ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ប្រពន្ធ ប្តីរងរបួសស្រាល កាលពីម៉ោង៥ល្ងាចថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុង (ផ្លូវ៣០ម៉ែត្រ) ក្នុងភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ឌុបគ្នាចេញពីធ្វើការរោងចក្រ ធ្វើដំណើរ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរមួយគ្រឿង បានបើកបរស្របទិសគ្នាជាមួយម៉ូតូយ៉ាងលឿន បុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្ត្រីជាប្រពន្ធដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូខ្ទាត ចូលក្រោមកង់រថយន្តកិនធ្លាយក្បាលស្លាប់ ឯប្តីបានរងរបួសស្រាល ចំណែកម៉ូតូត្រូវរថយន្តបើក អូសក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យខូតខាត ។
សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ សម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងបានទំនាកទំនងទៅមន្ត្រីជំនាញចុះវាស់វែង អូសយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយ។ ទោះយ៉ាងណា សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណ ជនរងគ្រោះ និងតៃកុងរថយន្តបង្កនៅឡើយ ៕