ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី ថានឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាមិត្តដ៏អស្ចារ្យ

32

ហ្សាការតា៖ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថារដ្ឋាភិបាលថ្មីរបស់លោកនឹងបន្តរក្សាទំនាក់ទំនងជាមួយរុស្ស៉ីដែលជា «មិត្តដ៏អស្ចារ្យ» បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។

លោក Prabowo ដែលបច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី បន្តពីលោក Joko Widodo នៅខែតុលាខាងមុខ។ លោក Prabowo កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងមូស្គូ ហើយលោកបានជួបលោក ពូទីន កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ ក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Prabowo បានគូសបញ្ជាក់ថា «យើងចាត់ទុករុស្ស៉ីជាមិត្តដ៏អស្ចារ្យ។ ខ្ញុំចង់បន្តរក្សាទំនាក់ទំនង និងពង្រឹងទំនាក់ទំនងនេះ។នៅក្នុងប្រវត្តិសាស្ត្រ របស់យើង យើងតែងតែចងចាំថារុស្ស៉ីបានជួយពួកយើងជានិច្ច ក្នុងពេលដែលយើងស្ថិតក្នុងពេលវេលាដ៏លំបាក»។ លោកបន្ថែមថាលោកផ្ទាល់ក៏រំពឹងដែរថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ថាមពល និងការអប់រំឱ្យកាន់តែរឹងមាំជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Prabowo ទៅកាន់ទីក្រុងមូស្គូ ធ្វើឡើងបន្ទាប់ពីលោកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បី បញ្ជាក់ពីគោលនយោបាយមិត្តភាពរបស់ឥណ្ឌូណេស៊ីជាមួយចិន។ លោក Prabowo បាននិយាយថាលោកនឹងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា ក្រោមគោលនយោបាយ មិនចង់ចូលបក្សសម្ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង