ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំព្រឹត្តិការណ៍ទូងស្គរ ការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូចអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា

50

ឧត្តរមានជ័យ៖រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ទូងស្គរ ការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូច ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤, ដើម្បីបង្ហាញការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតជាមួយរាជរដ្ឋាភិបាលចំពោះកម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ផល ប្រយោជន៍ ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចកម្ពុជា ដោយព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នឹងប្រព្រឹត្តនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ទូងស្គរជ័យ នាវេលាម៉ោង ៩៖០៩នាទីព្រឹក ព្រមទាំងមានការសំដែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រូចអបអរសាទរ ចាប់ពីវេលាម៉ោង១៧.៣០នាទីតទៅ នៅបរិវេណវេទិកាអ៊ុំទូកមាត់បឹងស្នោរ ក្នុងក្រុងសំរោង។

ជាមួយគ្នានេះ សូមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមតុបតែលម្អទង់ជាតិ និងទង់ជ្វាលា ព្រមទាំងចូលរួមវាយគង ជួង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយ ដែលមាននៅតាមគេហដ្ឋាន និងទីកន្លែងសាធារណៈនានាក្នុងខេត្ត នាវេលាម៉ោង០៩.០៩នាទីព្រឹក ឱ្យបានព្រមៗគ្នា ដើម្បីបង្ហាញមោទនភាពជាតិខ្មែររបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង