អត្តពលកម្មកម្ពុជាឈ្នះមេដាយ៤គ្រឿងនៃការប្រកួត China-ASEAN International Marathon 2018
ភ្នំពេញ:ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ានឆ្នាំ២០១៨នាទីក្រុង Fangchenggang ខេត្តក្វាងស៊ីប្រទេសចិនក្រុមកីឡាករកីឡាការិនីអត្តពលកម្មកម្ពុជាដណ្តើមមេដាយ៤គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។
កីឡាករកម្ពុជា វ៉ាន់ ភារ៉ា បានឈ្នះមេដាយប្រាក់មួយគ្រឿង និងសំរិទ្ធមួយគ្រឿង កីឡាករ ជា សម្ភស្សទទួលបានមេដាយសំរិទ្ធមួយគ្រឿង កីឡាការិនី ហេង ម៉ីជូ ទទួលជោគជ័យបានមេដាយសំរិទ្ធមួយគ្រឿង។ ចំណែករត់ចម្ងាយ៥គីឡូម៉ែតអត្តពលិកថ្នាលកម្ពុជា កីឡាករ ផាត សុភុត ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ សាត ឧត្តម ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ឡៃ ពិសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ៣ ។
នារី កីឡាការិនី បូ សំណាង ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាការិនី បូរ ស៊ុនណារី ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាការិនីម្ចាស់ផ្ទះចិន ទទួលបានចំណាត់ថ្នាក់លេខ៣។ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ចែកចេញជាបីវិញ្ញាសាគឺរត់ ៥គីឡូម៉ែត ២១គីឡូម៉ែត និង៤២គីឡូម៉ែត ដោយមានអត្តពលិកសរុប ១៣៤១៤នាក់ មកពី១៦ប្រទេស។
ព្រឹត្តិការណ៍ខាងលើកម្ពុជាបញ្ជូនអត្តពលិក១១រូបចូលរួម (កីឡាការិនី៣រូប) ដឹកនាំដោយលោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ជាប្រធានប្រតិភូ៕