ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖អាជ្ញាធររាជធានីបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

39


ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀម លក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលនិងរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។
នេះជាការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យទីតាំងប្រារព្វពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
អង្គប្រជុំបានលើកឡើងថា៖ សម្រាប់ការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងកម្លាំងសហការ របស់នាយកដ្ឋានអង្គរ័ក្សបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ, ត្រៀមកម្លាំងនិងរថយន្តសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះអាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន២តំបន់ធំៗនោះ គឺតំបន់Aនិងតំបន់B សំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នារសៀលនិងរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះដំណើរការទៅដោយរលូន បង្កបាននូវភាពសប្បាយរីករាយ និងជោគជ័យ។
គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។
ជាគម្រោងដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង
២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។
ឯកឧត្ដម ឃួង ស្រេង កាលពីថ្ងៃទី៣១ កក្កដាធ្លាប់បានណែនាំក្រុមអ្នកព័ត៌មាន អោយចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ ៥ សីហា តាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ និងផុសផុលព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា។
គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង