ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតអបអរសាទរឯកឧត្ដម តូ ឡឹម (To Lam) ដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

48


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរឯកឧត្ដម តូ ឡឹម (To Lam) ដែលត្រូវបានតែងតាំងជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ក្នុងសារលិខិតរបស់សម្តេចតេជោ មានខ្លឹមសារដូច្នេះថា «ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមាន សេចក្តីសោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ដែល ត្រូវបានបោះឆ្នោតជ្រើសតាំងនាពេលថ្មីៗនេះ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ការបោះឆ្នោតជ្រើសតាំងឯកឧត្តម ដោយសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម អណត្តិទី១៣ ដែលបានធ្វើឡើងនៅ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីជំនឿជឿជាក់ និងទំនុកចិត្តដ៏មុតមាំ របស់គណបក្សកុម្មុយនីស្តវៀតណាម ទៅលើសមត្ថភាព និង មគ្គុទេសភាពដ៏ឈ្លាសវៃរបស់ឯកឧត្តម។
ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម គណបក្សកុម្មុយនីស្តវៀតណាមនឹងបន្តអនុវត្តគោលនយោបាយដ៏ល្អរបស់ខ្លួន ដើម្បីធានាបាននូវជោគជ័យ ក្នុងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គម សម្រាប់វិបុលភាពដ៏ធំធេងបន្ថែមទៀតរបស់ប្រទេស និងប្រជាជនវៀតណាម ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។
ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ខ្ញុំទន្ទឹងរង់ចាំការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្ត ភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគណបក្សទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសយើងទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរឯកឧត្តមឱ្យទទួលបានជោគជ័យដ៏ធំធេង ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង