ជនជាតិចិន ផឹកស៊ីស្រវឹងដណ្តើមស្រី ក្នុងក្លឹប កាប់គ្នារបួស២នាក់
ក្រុងព្រះសីហនុ ៖ មានករណីជនជាតិចិន និងជនជាតិចិន ២ក្រុម ប្រើអំពើហិង្សា ដោយបានយកដាវ កាប់ចាក់គ្នា នៅក្នុងក្លឹបឌីស្កូមួយកន្លែង បន្ទប់លេខ២ ស្ថិតក្នុងក្រុមទី៨ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨ ដោយក្នុងនោះកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនដៃដល់ម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់ មានឈាមហូរស្រោចពេញខ្លួន ដោយសារតែត្រូវនឹងផ្លៃដាវ។
នគរបាលខេត្ត បានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានករណីនេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ និងស្រាល នៃអធិការដ្ឋាននគរបាលក្រុង-ប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ពិសេស បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជាបន្ទាន់។ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ហើយក៏មានជនជាតិចិន២នាក់ រងរបួសហូរឈាមស្រោចពេញខ្លួន ដេកដួលនៅក្នុងក្លឹបឌីស្កូនោះ ដោយសាររងនូវការប្រើកាំបិតកាប់ពីសំណាក់ភាគីម្ខាងទៀត តែត្រូវបានសមត្ថកិច្ចនាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ក្នុងករណីអំពើហិង្សាខាងលើ តាមចម្លើយពីជនរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា មូលហេតុបណ្តាលមកពីផឹកស៊ីស្រវឹង ទំនាស់ពាក្យសម្តីដណ្តើមស្រីគ្នា ទើបបណ្តាលឱ្យឈានទៅដល់ការប្រើអំពើហិង្សា កាប់ចាក់គ្នាតែម្តង ។ ជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ Jian Lu ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ Zhang Tian ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន បានរងរបួសស្រាល ហើយជនរងគ្រោះទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនសង្ស័យម្នាក់ បានរត់គេចខ្លួនបាត់ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ Huang Bing ភេទប្រុស អាយុ៣៨ឆ្នាំ ព្រមទាំងវត្ថុតាងរួមមាន ដាវ និងកាំបិតចំនួន៧ដើម ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕