ប៉េតង់កម្ពុជា ដណ្តើមមេដាយ៥គ្រឿង ពីព្រឹត្តិការណ៍ “the 1st ABSC Petanque Championship” នៅឥណ្ឌា
ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយប្រាក់៥គ្រឿង នៃព្រឹត្តការណ៍ ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមបុរស បាននិយាយថា ពេលនេះកម្ពុជាឈ្នះមេដាយប្រាក់៥គ្រឿង ដោយបញ្ចប់ការប្រកួតជាស្ថាពរ។ មេដាយប្រាក់ទាំង៥គ្រឿង បានលើក ប្រភេទវិញ្ញាសាបុរស-នារី វាយ២នាក់ ទល់២នាក់ បន្ទាប់ពីប្រកួតចាញ់ ក្រុមកីឡាករ-កីឡាការិនីប៉េតង់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់កីឡាករ សុខ ចាន់មាន និង កីឡាករ តឹប នរ៉ា ចាញ់ថៃ ក្នុងលទ្ធផល ៦ទល់១៣ ចំណែកកីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃក្នុងលទ្ធផល ៥ទល់១៣។
លោកបន្តថា វិញ្ញាសាចម្រុះកីឡាការិនី កែ ឡេង និងកីឡាករ តឹប នរ៉ា ចាញ់ថៃ ក្នុងលទ្ធផល១០ទល់១៣ វិញ្ញាសាឯកត្តជនារីកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃ ក្នុងលទ្ធផល១១ទល់១៣ និងវិញ្ញាសាឯកត្តជបុរសកីឡាករ សុខ ចាន់មាន ចាញ់ថៃ ក្នុងលទ្ធផល៨ទល់១៣៕