ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ទទួលជួប ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាស្វែងយល់កម្មវិធីកិច្ចប្រតិបត្តិការសកម្មភាពមីន នៅកម្ពុជា

33

ភ្នំពេញ ៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីកម្មវិធីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ។ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី រយៈពេល៦៧ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបញ្ចប់ការវិលត្រឡប់មកវិញរបស់របបខ្មែរក្រហម និងការបញ្ជូនកងកម្លាំងរបស់ខ្លួននៅឆ្នាំ១៩៩៣ ក្នុងការរួមចំណែកដល់បេសកម្មសម័យ UNTAC ផងដែរ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា៖ ក្រោយបញ្ចប់សង្រ្គាមរាំរ៉ៃនៅកម្ពុជា ប្រទេសម៉ាឡេស៊ី បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា។ ជាងនេះទៅ ទៀត ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុនម៉ាឡេស៊ី មួយចំនួនរួមមាន៖ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារមេឃប៊ែង ជាដើម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សកម្មភាពមនុស្សធម៌ដូចជាការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រ និងភាពជាដៃគូ ក្នុងការរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី។
ឯកឧត្តម Shaharuddin Onn បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំ តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរាជទូត បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលត្រូវបានជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើង វិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលនេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង