ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង លោកស្រី Khaleda Zia ត្រូវបានដោះលែងឱ្យមានសេរីភាព

33

ដាក្កា៖ នាថ្ងៃអង្គារនេះ លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នា បានលាលែងពីតំណែង និងរត់ចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រី ត្រូវបានដោះលែងហើយ។ ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី Khaleda Zia ខណៈយោធាកំពុងគ្រប់គ្រងប្រទេស ក្រោយការរត់ភៀសខ្លួន របស់លោកស្រី Hasina កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ក្នុងថ្ងៃដដែលនោះ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក Waker-Uz-Zaman បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងត្រូវបង្កើតឡើង។
លោកស្រី Khaleda Zia ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២លើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងម្តងទៀតពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោកស្រី មានសុខភាពមិនល្អប៉ុន្មានឡើយ ហើយ បានជាប់ឃុំក្នុងផ្ទះនិងមន្ទីរពេទ្យ ចាប់តាំងពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៧ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ កាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា មនុស្សសរុបជាង២,០០០នាក់ ត្រូវបានចាប់ខ្លួន និងប្រហែល៤០០នាក់បានស្លាប់ គិតចាប់តាំងពីដើមខែកក្កដា កន្លងទៅ អំឡុងបាតុកម្មនិងអំពើហិង្សា ដែលដំបូងឡើយ មានគោលដៅប្រឆាំងតវ៉ាងចំពោះ ប្រព័ន្ធកូតាសម្រាប់ការងាររដ្ឋាភិបាល ហើយក្រោយមកក៏ប្រែក្លាយជា ចលនាទាមទារទូទាំងប្រទេស ឱ្យលោកស្រី Hasina ចុះចេញពីអំណាច។ លោកស្រី Hasina បានកាន់តំណែងនាយករដ្ឋមន្រ្តី ជាប់រហូតមកតាំងពីឆ្នាំ២០០៩។ កាលពីថ្ងៃចន្ទ លោកស្រីបានលាលែងពីតំណែង និងភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង