ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីលួចម៉ូតូ និង កាន់កាប់អាវុធខុសច្បាប់ នៅខណ្ឌមានជ័យ ចាប់ខ្លួនមនុស្ស៧នាក់

35

ភ្នំពេញ៖នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលលេខ258 ផ្លូវលេខ39BT ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោកលួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651 រួចជិះគេចខ្លួនបាត់។
ដោយការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងរង្វង់កិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ (ស្រី១) នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ៤គ្រឿង, អាវុធខ្លី១ដើមគ្រាប់ចំនួន៤គ្រាប់, ដាវ១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង