ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកែប, លោក ញ៉ន សិទ្ធ ជំនួសលោក ងិន ងិនដា ផ្លាស់ទៅកាន់ជាអភិបាលរងខេត្តតាកែវ

30

កែប៖ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងអភិបាលរងខេត្តកែបថ្មី លោក ញ៉ន សិទ្ធ ជំនួសលោក ងិន ងិនដា ដែលត្រូវបានផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តតាកែវ។
ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកែប នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឡើងមានមតិស្វាគមន៍ និងអបអរសាទរការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តនាថ្ងៃនេះ ហើយលោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូលកាន់នុខតំណែងថ្មី ត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែបឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកែបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។
ឯកឧត្ដមរដ្ឋលេធិការប្រចាំការ ផ្ដាំផ្ញើលោកអភិបាលរងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តកែប ឲ្យមានការរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង