ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម៖ ប្រកាសប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាស ឯកឧត្តម ប៉ែន កុសល្យ ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួម គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា គណៈអអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ នាយបុស្តិ៍រដ្ឋបាល សរុបចំនួន ៣០០នាក់។
លោកឧត្តមសេនីយ៍ទោ ចិន នី បានបង្ហាញពីរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ សម្រេចបានកន្លងមកក្នុងការធ្វើសកម្មភាពក្នុងការបម្រើជូនអតីតយុទ្ធជនដូចជា ការដោះស្រាយការលំបាក ការរៀបចំភូមិសន្តិភាពអតីតយុទ្ធជន ការបើកប្រាក់បេឡាមរណសង្រ្គោះ ការសាង សង់ផ្ទះ និងការចុះសាកសួរសុខទុក្ខ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចអធិបតី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកទុកចិត្តតែងតាំងជាប្រធានកិត្តិយស ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្ត ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជន ហើយ ឯកឧត្តម ប្រធានកិត្តិយស បានប្តេជ្ញា ជម្រុញ ផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អគ្គលេខាធិការ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ សម្តេចតេជោ ប្រធានសមាគម និងសម្តេចអធិបតី អនុប្រ ធានទី១ រួមនឹងថ្លែងអំណរគុណចំពោះមន្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានប្រឹងប្រែងបម្រើបងប្អូនអតីតយុទ្ធជន។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំសម្រេចបាន ជាពិសេស បានខិតខំ រៀបចំដីធ្លី សាងសង់ផ្ទះជូនអតីតយុទ្ធជនបាន ចំនួន ១៨៥ ខ្នង ការឈូសឆាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមខេត្ត និងការបើកប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារអតីតយុទ្ធជនបានទាន់ពេលវេលា។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗជូនសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងសាខាឃុំ ដោយត្រូវបន្តពិនិត្យឱ្យបានហ្មត់ចត់ត្រឹមត្រូវចំពោះបងប្អូនអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដី ផ្ទះ និងអតីតយុទ្ធជនដែលបានទទួលដី និងផ្ទះនៅលើដីសម្បទានសង្គមកិច្ច ត្រូវជម្រុញឱ្យពួកគាត់ទៅរស់នៅ និងបង្ករបង្កើនផល បន្តរៀបចំដីធ្លីសម្រាប់បង្ករបង្កើនផល រៀបចំប្លង់មេអភិវឌ្ឍន៍ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជម្រុញឱ្យសម្ព័ន្ធមេត្រីភាពចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច បន្តខិតខំដោះស្រាយការលំបាក និងខ្វះខាតចំពោះអតីតយុទ្ធជន ៕ ដោយ សំរិត